(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ (Walk Street) នឹងត្រូវបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ បានលើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឃនភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ជាអាជ្ញាធរខណ្ឌ កងកម្លាំងនិងមន្ទីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១២ មិថុនានេះនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននាប៉ុន្មានខែនេះបានទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ទន្ទឹមនិងនេះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបើកសម្ពោធជាផ្លូវការ ហើយត្រូវបានសម្តេចបវរធិបតី ឯកភាព ដោយនឹងធ្វើពិធីសម្ពោធជាផ្លូវការ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។
ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីបានបន្តថា៖ ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ បញ្ហាសន្តិសុខសុវត្ថិភាព ត្រូវតែធានាបានថាជោគជ័យ១០០ភាគរយ ជូនថ្នាក់ដឹកនាំកំពូលៗនិងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីលើការងារសន្តិសុខនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរ ការតុបតែងនិងបំពាក់ភ្លើងបំភ្លឺ ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុននៃការប្រារព្វពិធីនេះ។
ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី «GALAXY » អ្នកឧកញ៉ាឡេងណាវាត្រា ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ របស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ ស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំងគឺស្តង់ម្ហូបអាហាររបស់ស្ថានទូតប្រទេសឥណ្ឌានិងស្ថានទូតប្រទេសម៉ាឡេស៊ីផងដែរ។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ប្រភព៖ ក្រសួងមហាផ្ទៃ