រាជធានីភ្នំពេញ ៖ មហាជន ជាពិសេស បណ្តាអ្នកគាំទ្របាននឹងកំពុងដាក់ការសង្ស័យថា តារាចម្រៀងនាង ពេជ្រ សូលីកា កំពុងចាប់ផ្តើមកសាងទំនាក់ទំនងស្នេហ៍ជាមួយបុរសវ័យក្មេងមួយរូប បន្ទាប់ពីគេបានប្រទះឃើញនាងបណ្តើរបុរសប្លែកមុខចូលរួមកម្មវិធីមង្គលការរបស់អ្នកសិល្បៈកាលពីពេលថ្មីៗនេះ ។

វីដេអូខ្លីមួយដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គមបានបង្ហាញពីតារាចម្រៀងស្រីរូបនេះបានបណ្តើរគ្នាយ៉ាងត្រសងប្រៀបបាននឹងគូស្នេហ៍ និងជាមួយកូនប្រុសរបស់នាងចូលរួមកម្មវិធីពិធីមង្គលការរបស់លោក ជី ដេវីដ និងអ្នកនាង ទេព បូព្រឹក្ស ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ។
រូបភាពនេះកំពុងក្លាយជាចំណាប់អារម្មណ៍សម្រាប់មហាជន ជាពិសេស បណ្តាអ្នកគាំទ្ររូបនាងក្នុងពេលដែលមានអ្នកខ្លះកំពុងដាក់ការសង្ស័យថា បុរសវ័យក្មេងរូបសង្ហារូបនោះទំនងជាគូស្នេហ៍របស់នាង ព្រោះបុរសខាងលើ មិនស្ថិតក្នុងចង្កោមអ្នកសិល្បៈដូចគ្នានោះឡើយ ។

យ៉ាងណា ក្រោយពីផ្ទុះការសង្ស័យខាងលើនេះ តារាចម្រៀងនាង ពេជ្រ សូលីកា ក៏បានចេញមុខមកបញ្ជាក់ដោយស្នើឲ្យមហាជនកុំមានការសង្ស័យ ដ្បិតនាងកំពុងនៅតែម្នាក់ឯងនៅឡើយទេ ។
តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គម ពេជ្រ សូលីកា បានលើកឡើងយ៉ាងខ្លីថា ខ្ញុំ single ទេ 😭កុំសង្ស័យច្រើនពេក ខូចcredit ចែអស់ហើយ ។

ទោះជាយ៉ាងណា បើទោះបីជាការបញ្ជាក់ខាងលើ ពីតារាស្រីរូបនេះក៏ដោយ ក៏មានមហាជនមួយចំនួនមិនទាន់ជឿជាក់នៅឡើយទេ ដ្បិតគេគិតថា ក្នុងនាមជាអ្នកសិល្បៈដែលមានកេរ្តិ៍ឈ្មោះមួយរូបចំពោះរឿងស្នេហាគឺអាចនឹងមានការលាក់លៀមជាមិនខាន ។ ម្យ៉ាងទៀត ក្នុងនាម ជាតារាដែលមានរូបសម្រស់ស្រស់សោភា ប្រាកដណាស់ ពិតជាមានបុរសៗជាច្រើនតាមសុំស្នេហ៍ជាមិនខានឡើយ បើទោះបីជាពេលនេះនាងមានឈ្មោះជាស្ត្រីមេម៉ាយកូន១ក៏ដោយ ។

ជាការកត់សម្គាល់ តារាចម្រៀងនាង ពេជ្រ សូលីកា បានពើបប្រទះនូវរឿងរ៉ាវស្នេហាមិនសមប្រកប បន្ទាប់ពីនាងបែកបាក់ជាមួយស្វាមី ក្រោយរួមរស់ជាមួយគ្នា និងទទួលបានចំណងដៃកូនប្រុសមួយរូប ដែលបច្ចុប្បន្នកំពុងទទួលការមើលថែពីរូបនាងផ្ទាល់ ។

ចាប់តាំងពីការបែកបាក់ស្នេហាជាប្តីប្រពន្ធនោះមក ពេជ្រ សូលីកា ហាក់នៅមិនទាន់លេចឮពីចំណងស្នេហាថ្មីជាមួយបុរសណាម្នាក់នៅឡើយទេ ផ្ទុយទៅវិញ នាងបែរជាយកពេលវេលាមកពង្រឹងលើការងារសិល្បៈរបស់នាងឡើងវិញ ជាជាងគិតគូររឿងស្នេហា ។

ពេជ្រ សូលីកា បានក្លាយជាតារាចម្រៀងឯករាជ្យ ហើយបទចម្រៀងរបស់នាងក៏បានចេញជាបន្តបន្ទាប់ ហើយក៏ទទួលបានការគាំទ្រច្រើនពីមហាជ ជាពិសេស យុវវ័យ ដែលនោះធ្វើឲ្យទីផ្សារសិល្បៈចម្រៀងរបស់នាងបានស្ទុះហក់ឡើងវិញនាពេលបច្ចុប្បន្ននេះ ៕





