កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ អាមេរិក-ចិន ប្រកាសពីគោលការណ៍ក្របខណ្ឌដោះស្រាយទំនាស់

កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ អាមេរិក-ចិន ប្រកាសពីគោលការណ៍ក្របខណ្ឌដោះស្រាយទំនាស់

អា​មេ​រិ​ក​-​ចិន ៖ តាម​សារព័ត៌មាន​រដ្ឋ​ចិន​ថា សហរដ្ឋអាមេរិក​និង​ចិន​បាន​ព្រមព្រៀង​គ្នា​លើ​គោល​ការណ៍​នៃ​ក្រប​ខណ្ឌ​អនុវត្ត កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​កាលពី​ខែ​មុន ដើម្បី​ដោះស្រាយ​ទំនាស់​ពា​ណិ​ជ្ច​កម្ម ។



ការ​ប្រកាស​នោះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១០​មិថុនា​បន្ទាប់​ពី​ការ​ចរចា​២​ថ្ងៃ​នៅ​ក្រុង​ឡុ​ង​ដ៏​។ កាលពី​ស​ប្ដា​ហ៍​មុន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​សម​ភាគី​ចិន​លោក​សី​ុ​ជី​ន​ពីង បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ សំដៅ​សម្រាល​ភាព​តានតឹង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។ លោក​លី​ឆេ​ង​ហ្គា​ង​អនុរដ្ឋមន្ត្រី​ពា​ណិ​ជ្ច​កម្ម​ចិន និង​ជា​តំណាង​របស់​ក្រុង​ប៉េ​កាំ​ង​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ថ្លែង​ថា ភាគី​ទាំង​២​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដំបូង​មួយ ស្ដី​ពី​ក្រប​ខណ្ឌ​អនុវត្ត​កិច្ចព្រម​ព្រៀង​ដែល​សម្រេច​បាន​រវាង​មេដឹកនាំ​ទាំង​២​និង​កិច្ចព្រមព្រៀង​ក្នុង​ការ​ចរចា​កាលពី​ខែឧសភា​នៅ​ក្រុង​ហ្សុ​ឺ​ណែវ​។


ចាប់តាំងពី​ការ​ពិភាក្សា​គ្នា​នៅ​ក្រុង​ហ្សុ​ឺ​ណែវ​មក ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង សន្យា​ពី​ការ​ដោះ​ដូរ​គ្នា​លើ​សឺ​មី​កុង​ឌុ​ច​ទ័​រ​ឈានមុខ​បំផុត បញ្ញា​សិប្បនិម្មិត្ត ការ​ផ្ដល់​ទិដ្ឋាការ​ដល់​និស្សិត​ចិន​ដែល​រៀន​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​អា​មេ​រិ​ក រហូត​ដល់​ដី​កម្រ​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​។

ចិន​ជា​ប្រទេស​មាន​ដី​កម្រ​ច្រើន​ជាងគេ​នៃ​ពិភពលោក​គូសបញ្ជាក់​ថា ខ្លួន​អាច​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត​សម្រេច​កាលពី​ខែមេសា លើ​ការ​នាំ​ចេញ​វត្ថុ​ធាតុ​នោះ​ជា​ថ្នូរ​វិញ ចិន​ស្នើ​ដល់​អា​មេ​រិ​ក​លុប​ចោលការ​រិ​ត​ត្បិត​លើ​ការ​នាំ​ចូល​ប្រទេស​ខ្លួន​បណ្ដា​បច្ចេកវិទ្យា​ចាំបាច់ សម្រាប់​ផលិតកម្ម​សឺ​មី​កុង​ឌុ​ច​ទ័​រ​ឈានមុខ​។ លោក​ដូ​ណា​ល់​ត្រាំ​ចង់​ឲ្យ​ចិន​បើកចំហ​ទីផ្សារ​ខ្លួន​សម្រាប់​បណ្ដា​ផលិតផល​អា​មេ​រិ​ក ដោយ​លោក​ព្រមាន​ថាបើ​ចិន​មិន​បើក​ទេ​នោះ​យើង​ប្រហែលជា​នឹង​មិន​ធ្វើ​អ្វី​ទាំងអស់​៕




អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles