ជំនន់ទឹកភ្លៀងកោះកុង៖ ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា បង្កជន់លិចក្រុងខេមរភូមិន្ទយ៉ាងគំហុក

ជំនន់ទឹកភ្លៀងកោះកុង៖ ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា បង្កជន់លិចក្រុងខេមរភូមិន្ទយ៉ាងគំហុក

ខេត្តកោះកុង ៖ ក្រុង​ខេមរភូមិន្ទ ជា​តំបន់​មួយ​ជាប់​នឹង​មាត់សមុទ្រ​ដូច​ខេត្ត​៣​ទៀត​ដែរ គឺខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប ​ដែល​សុទ្ធសឹងតែ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ នា​រដូវវស្សា​នេះ ។

ដោយឡែក ខេត្តកោះកុង​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ អាកាសធាតុ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ស្ទើរតែ​គ្មាន​ពន្លឺ​ថ្ងៃ និង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​លំនៅ​ឋាន តូប​លក់ដូរ និង​ដើមឈើ​នៅ​តាម​តំបន់ឆ្នេរ ប៉ើង និង​ដួល​រលំ​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់សម្គាល់ ។


នៅ​តាម​បណ្តោយ​ឆ្នេរ​បាក់​ខ្ល​ង​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ច្រើន​ជាងឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​កត្តា​អាកាសធាតុ​ឆ្នាំ​នេះ​ក៏​មានការ​ប្រែប្រួល​ខុស​ប្លែក​ដែរ គឺ​មាន​ភ្លៀង​ច្រើន​លាយឡំ​ដោយ​ខ្យល់​បក់​បោក​ខ្លាំង​ជាង​ឆ្នាំ​មុន បង្ក​ការ​រំខាន​ដល់​ភ្ញៀវ​ទេសចរ ក្នុង​ការ​ទៅ​​លេង​កម្សាន្ត​តាម​ឆ្នេរ ។

មិនតែប៉ុណ្ណោះ ធ្វើ​ឱ្យ​ការ​លក់ដូរ​របស់​បងប្អូន​អាជីវករ​នៅ​តាម​តំបន់ឆ្នេរ បាក់​ខ្ល​ង ប្រឈម​នឹង​ការ​ខាតបង់​ប្រាក់​ចំណូល​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក ។ ដោយឡែក នៅ​ក្រុង​ខេមរភូមិន្ទ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​បាក់​ខ្ល​ង បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​នឹង​អ្នក​លក់ដូរ​ម្ហូប​គ្រឿង​សមុទ្រ​តាម​តំបន់ឆ្នេរ​ដែរ គឺ​គឺ​បញ្ហា​ភ្លៀង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ ។

ពេល​នេះ ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ក្រុង​ខេមរភូមិន្ទ មិន​ខុស​ពី​ខែ​មុន ដែល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ជន់​លិច​ដោយ​ទឹកភ្លៀង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles