ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួន០៣នាក់បានរងរបួស ហើយត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកំទេចថ្មបុកជាមួយរថយន្តដឹកជ្រូក ចំពីមុខយ៉ាងពេញទំហឹង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង០៥នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(១០៦-ទៅលេខ១០៧) ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា នៅមុនពេលកើតហេតុមាន រថយន្ត០១គ្រឿង ម៉ាកម៉ីសស៊ុយប៊ីស៊ី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-4869 សណ្តោងកន្ទុយ (សឺមីរ៉ឺម៉ក់) ពាក់ផ្លាកលេខកំពង់ស្ពឺ4A-0250 មានដឹកកំទេចថ្ម ដែលបើកបរដោយឈ្មោះ ញ កុសល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិបន្ទាយឈើគីរី ឃុំទឹកវឹល ស្រុកសៀមរាប ខេត្តសៀមរាប បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត០១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ3A-5707 មានដឹកសត្វជ្រូក ដែលបើកបរដោយឈ្មោះ គឹម ម៉ានិត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងអ្នករួមដំណើរ០១នាក់ឈ្មោះ ស៊ីម ឌឿន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៤។ ហើយរងរបួសមនុស្ស០៣នាក់ ត្រូវរថយន្តសង្គ្រោះ បញ្ជាការដ្ឋានការពារកោះឆ្នេរ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានបន្តថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ រងការខូចខាតរថយន្តចំនួន០២គ្រឿងធ្ងន់ធ្ងន់។
ចំពោះវត្ថុតាងរថយន្តទាំង០២គ្រឿង កំពុងចាត់ចែងស្ទូចចេញពីកន្លែងកើតហេតុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕









