ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរៀបចំដាក់តាំងបង្ហាញស្នាដៃរបស់សិស្ស ៤មុខជំនាញរួមមាន ការផលិតនំ, ធុរកិច្ចភេសជ្ជៈ, សេវាកម្មសម្អាងកាយ, និងការព្យាបាល និងថែទាំស្បែកមុខ (តាមបច្ចេកទេសជប៉ុន) ក្នុងឱកាស ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនានេះ។
ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយដល់សិស្ស-និស្សិត អាណាព្យាបាល និងសាធារណជនទូទៅនូវវឌ្ឍនភាពរបស់ TVET និងសារប្រយោជន៍ នៃការបណ្តុះបណ្តាលជំនាញ ដល់យុវជន ជាពិសេសយុវជន និងសាធារណជនដែលស្ថិតក្នុងក្រុមងាយរងគ្រោះ ឱ្យពួកគាត់មានឱកាសទទួលបាន ការបណ្តុះបណ្តាលជំនាញ ដើម្បីយកទៅប្រកបមុខរបរមួយប្រចាំជីវិត។
ឯកឧត្តមថ្លែងថា៖ «TVET Day នឹងផ្តល់នូវឱកាស កាន់តែទូលំទូលាយ សម្រាប់សិស្ស-និស្សិត ក៏ដូចជាសាធារណជនក្នុងការសិក្សា ដែលស្របទៅតាម គោលបំណងនាពេលអនាគតរបស់ពួកគាត់ និងស្របតាមការវិវត្ត នៃសេដ្ឋកិច្ច-សង្គមនៃយុគសម័យបច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ TVET Day ក៏បានជួយដល់ វិស័យឯកជន និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ក្នុងការផ្សព្វផ្សាយ អំពីផលិតផល និងសេវាកម្ម ការជ្រើសរើសបុគ្គលិក និងការផ្គូផ្គងរវាងអ្នកកំពុងស្វែងរកការងារ និងនិយោជក ផងដែរ»។
យុវតី សុង លីន រៀនជំនាញការផលិតនំ នៃវិទ្យាស្ថាន NIEI បានបង្ហាញ ចំណាប់អាម្មណ៍ថា ពិតជាចង់ឱ្យមហាជន ចូលរួមនៅក្នុង កម្មវិធីនេះ ហើយបានភ្លក្សរសជាតិនំជាច្រើនមុខ ដែលនឹងយកទៅបង្ហាញនៅក្នុងកម្មវិធីមួយនេះ។
យុវតី សុង លីន បាននិយាយថា៖ «អ្នកទាំងអស់គ្នាគួរតែចូលរួមនៅ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) ដើម្បីទទួលបានព័ត៌មានបន្ថែមពីជំនាញការផលិតនំនេះ ព្រមទាំងជំនាញផ្សេងៗដែលនឹងចូលរួម»។
ស្រដៀងគ្នានេះយុវតី ចាយ កិញលិញ រៀនជំនាញធុរកិច្ចភេសជ្ជៈ នៃវិទ្យាស្ថាន NIEI និយាយថា នៅថ្ងៃនៃទិវានោះ លោកគ្រូ អ្នកគ្រូតាមជំនាញនីមួយៗ នឹងរង់ចាំផ្តល់គ្រប់ព័ត៌មាន ដែលជាចម្ងល់របស់មហាជន។
យុវតី ចាយ កិញលិញ បញ្ជាក់ថា៖ «សិស្សានុសិស្ស និងបងប្អូនទាំងអស់អាចងាកមក ចាប់អារម្មណ៍ការរៀនជំនាញ ហើយតាមរយៈ TVET Day ជាឱកាសមួយ ដែលបងប្អូនទាំងអស់គ្នា អាចស្វែងរកជំនាញ ដែលសមស្របជាមួយ នឹងចំណង់ចំណូលចិត្ត របស់បងប្អូនផ្ទាល់»។
សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។ តាមរយៈទិវានេះ រាជរដ្ឋាភិបាលមានបំណង លើកកម្ពស់ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ សំដៅសម្រេចឱ្យបានគោលដៅ «ពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការ ទីផ្សារការងារទាំងបច្ចុប្បន្ន និងអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី









