(ក្រុងព្រះសីហនុ)៖ តាមរយៈការចុះផ្សាយរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវអន្តរជាតិជាង ៦០០នាក់ ចូលមកកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមនាវាទេសចរណ៍ «REGATTA» ។
ក្នុងនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នាវេលាម៉ោង ៧:៣០ នាទី នាវាទេសចរណ៍ ឈ្មោះ «REGATTA» សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦,២ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។
ចំពោះការចូលចតរបស់នាវាមួយនេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៩៨ នាក់ (ស្រី ៨៤ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦២៦ នាក់ (ស្រី ៣២៨ នាក់) មាន ២៧ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៨០ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃដដែល៕
ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ