ហែកលុយចោល ១៥លានដុល្លារ! ថៃប្រឈមខាតធ្ងន់ បើព្រំដែនកម្ពុជា-ថៃបិទ ខណៈពេលនេះគ្រាន់តែកែម៉ោង

ហែកលុយចោល ១៥លានដុល្លារ! ថៃប្រឈមខាតធ្ងន់ បើព្រំដែនកម្ពុជា-ថៃបិទ ខណៈពេលនេះគ្រាន់តែកែម៉ោង

ព្រំដែន​កម្ពុជា និង​ថៃ មិន​បាន​បិទ​ទេ នៅ​ពេល​នេះ គ្រាន់តែ​កែសម្រួល​ម៉ោង​បិទ​និង​ម៉ោង​ត្រូវ​បើក ប៉ុន្តែ​ប្រសិនបើ​ព្រំដែន​នេះ​បិទ​តែ​ម្តង​មួយ​ថ្ងៃ​ថៃ​អាច​នឹង​ហែក​លុយ​ចោល​ប្រមាណ​ជា​៥០០​លាន​បាត ឬ​ស្មើនឹង​១៥​លាន​ដុល្លារ ។

ការ​កែសម្រួល​នេះ បាន​កើត​មាន​ឡើង ក្រោយ​ពេល​ដែល​ថៃ​បាន​សម្រេចចិត្ត​បិទ​ព្រំដែន​ជា​ឯកតោភាគី ហើយ​បាន​កែសម្រួល​ម៉ោង​ពេល​បិទ​បើក ដោយ​ខ្លួនឯង ដោយ​មិន​បាន​ជូនដំណឹង​មក​កាន់​ភាគី​កម្ពុជា នៅ​ក្នុង​រង្វង់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ។ ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា គឺជា​ការ​សម្រេចចិត្ត​របស់​យោធា​ថៃ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​រលាស់​ខ្លួន​ចេញពី​ការ​ទទួលខុសត្រូវ​ផ្ទាល់​លើ​បញ្ហា​ព្រំដែន​ដោយ​ប្រគល់​សិទ្ធិ​ជូន​កងទ័ព​ធ្វើការ​សម្រេចចិត្ត​តាម​ស្ថានការណ៍​ជាក់ស្តែង ។

តាម​សារព័ត៌មាន ជា​ភាសា​អង់គ្លេស the Nation បាន​ឲ្យ​ដឹង​ថា ការ​បិទ​ព្រំដែន​កម្ពុជា និង​ថៃ អាច​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ថៃ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​១៧០​ពាន់​លាន​បាត ឬ​ប្រមាណ​ជា​ជាង​៥,២​ពាន់​លាន​ដុល្លារ​ឯណោះ ។ នេះ​បើ​តាម​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​បាន​ព្រមាន កាលពី​ថ្ងៃ​អង្គា​រ៍ ។ ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ លោក គ្រៀង​ក្រៃ ធៀ​នុ​គុល (Kriengkrai Thiennukul)​បាន​អះអាង​ថា វិធានការ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បើក និង​បិទ​ច្រកព្រំដែន តាម​កាលវិភាគ​របស់​យោធា​នឹង​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​បាន​កត់​សម្គាល់ថា សមាជិក​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ទទួល​បាន​ផល​ប៉ះពាល់​រួច​ហើយ បើ​ទោះបីជា​បច្ចុប្បន្ន វា​មិន​អាច​វាយតម្លៃ​ពី​ទំហំ​នៃ​ការ​ខូចខាត​បាន​ច្បាស់​ក៏​ដោយ ។ លោក​បាន​ពន្យល់​ថា ពាណិជ្ជកម្ម​តាម​ព្រំដែន​របស់​ប្រទេស​ថៃ​ជាមួយ​កម្ពុជា​មាន​តម្លៃ​ប្រមាណ​៥,២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​តាម​ច្រក​ស្រុក​អរញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ មួយ គឺ​មាន​តម្លៃ​ស្មើនឹង​ប្រមាណ​៣,៣៧ ពាន់​លាន​ដុល្លារ ឬ​ប្រហែល​៦៤​ភាគរយ​នៃ​តម្លៃ​សរុប ។

លោក​បាន​បន្ត​ថា នៅ​ពេល​នេះ​វា​ពិបាក​ក្នុង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ទាំងស្រុង ប៉ុន្តែ​ប្រសិនបើ​យើង​គណនា​ដោយ​ផ្អែក​លើ​តម្លៃ​នាំ​ចេញ​សរុប​ប្រចាំ​ថ្ងៃ​វា​នឹង​មាន​ប្រហែល​១៥ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ លោក​បាន​បង្ហាញ​នូវ​សេចក្តី​សង្ឃឹមថា ស្ថានការណ៍​នឹង​មិន​អូស​បន្លាយ​យូរ​ពេក​ទេ ព្រោះ​ការ​ពន្យារពេល​កាន់តែ​យូរ​នោះ​ផល​ប៉ះពាល់​ក៏​នឹង​កើត​មាន​កាន់តែ​ខ្លាំង ។

លោក​បាន​អះអាង​ថា ពិត​ណាស់ វិវាទ​នឹង​ធ្វើ​ឱ្យ​ទាំង​ថៃ និង​កម្ពុជា​រង​ទុក្ខ ។ ថៃ​មាន​អតិរេក​ពាណិជ្ជកម្ម​ពី​ការ​នាំ​ចេញ​ទំនិញប្រើប្រាស់ ប្រេងឥន្ធនៈ គ្រឿងចក្រ និង​ម៉ាស៊ីន​ដែល​នឹង​រង​ផល​ប៉ះពាល់ ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចង់ឱ្យ​រឿង​នេះ​កើតឡើង​ទេ ។ នៅ​ពេល​ដែល​វា​កើតឡើង​ប្រទេស​ថៃ ត្រូវ​បិទ​ព្រំដែន​ជា​បណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ការ​ចរចា​នៅ​លើ​តុ ។

លោក​ជឿជាក់​ថា កិច្ច​ពិភាក្សា​នឹង​ផ្តល់​លទ្ធផល​ល្អ​ជាមួយនឹង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​អនុញ្ញាត​ឱ្យ​ច្រកព្រំដែន​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ ។ ដូច្នេះ​ភាគី​ទាំង​ពីរ អាច​បន្ត​ពាណិជ្ជកម្ម​ឡើង​វិញ​ដោយ​គ្មាន​ការ​រំខាន​បន្ថែម​ទៀត ។

លោក បញ្ជាក់​ថា មិន​មាន​វិធានការ​គាំទ្រ​នៅ​ពេល​នេះ​ទេ​ដោយសារ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ចរចា​ដែល​កំពុង​បន្ត ។ លោក​បាន​កត់​សម្គាល់ថា រហូត​មក​ដល់​ពេល​នេះ ការ​ចរចា​មានដំណើរ​ការ​ជា​វិជ្ជមាន ហើយ​ជា​សំណាងល្អ ដែល​មិន​មានការ​វា​.​យ​ប្រហារ ឬ​សង្គ្រាម​ផ្ទុះ​ឡើង ។

ដោយឡែក ស្ថិតិ​ដែល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា ៥​ខែ​ដើម ឆ្នាំ​២០២៥​នេះ កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​មាន​តម្លៃ​ត្រឹមតែ​ជិត​៤០០​លាន​ដុល្លារ​ជាមួយនឹង​កំណើន​៣,៤​ភាគរយ​ប៉ុណ្ណោះ ហើយ​នាំ​ចូល​ពី​ថៃ​មក​វិញ គឺ​មាន​តម្លៃ​ដល់​ទៅ​១,៤៨ ពាន់​លាន​ដុល្លារ ជាមួយនឹង​កំណើន​១១​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles