រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងសន្និសីទនេះ សម្ដេចធិបតី ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម ឯកភាពលើសេចក្តីប្រកាសនយោបាយសន្និសីទ UNOC3 ដើម្បីបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងសកម្មភាពមហាសមុទ្រ ប្រកបដោយសមូហភាពផ្អែកលើ វិទ្យាសាស្ត្រ នវានុវត្តន៍ និងសមធម៌។
តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទ អ.ស.ប. ស្ដីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩- ១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព»។
ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ សម្តេចធិបតី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះ ការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក រួមមាន ការកើនឡើងកម្រិតទឹកសមុទ្រ ការ ហូរច្រោះតាមឆ្នេរសមុទ្រដោយឥតឈប់ឈរ និងការរីករាលដាលនៃការបំពុលប្លាស្ទីក ការថយចុះយ៉ាង ឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការទាញយកប្រយោជន៍ហួសហេតុពីធនធានសមុទ្រ ព្រមទាំងបាន អំពាវនាវឱ្យមានសកម្មភាពឆាប់រហ័ស និងបន្ទាន់ រួមជាមួយកិច្ចសហប្រតិបត្តិការឥតងាករ៉េក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនេះ។
កម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារមហាសមុទ្រ រួមមាន ការពង្រីកតំបន់ការពារដែនសមុទ្រ ការពង្រឹងបទបញ្ញត្តិពាក់ព័ន្ធវិស័យជលផលប្រកបដោយនិរន្តរភាព និងការពង្រឹងន សកម្មភាពប្រឆាំងនឹងការបំពុលសមុទ្រ ជាពិសេស ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃប្លាស្ទិកក្នុងសមុទ្រ។ សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្ដោត លើមុំចំនួនបី គឺ ភាពស្អាត, ភាពបៃតង និងនិរន្តរភាព ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សុខភាព និងការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជា។
ចំពោះការបញ្ជាក់ពីការប្តេជ្ញាចិត្តលើពហុភាគីរបស់កម្ពុជា សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជា តែងចូលរួមបោះឆ្នោតគាំទ្រយ៉ាងទៀងទាត់លើសេចក្ដីសម្រេចចិត្តស្ដីពី “មហាសមុទ្រ និងច្បាប់សមុទ្រ” ដែល ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអ.ស.ប.។ សម្តេចធិបតី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្ដល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងឱកាសក្នុងការទទួលបានចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាសមុទ្រ និងធនធានសម្រាប់ការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងការអភិរក្សសមុទ្រ ដោយធានាថា”មិនទុកចោលប្រទេសណាមួយឡើយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្ររបស់យើង”។
សម្ដេចធិបតី ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម ឯកភាពលើសេចក្តីប្រកាសនយោបាយសន្និសីទ UNOC3 ដើម្បីបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងសកម្មភាពមហាសមុទ្រ ប្រកបដោយសមូហភាពផ្អែកលើ វិទ្យាសាស្ត្រ នវានុវត្តន៍ និងសមធម៌។
ក្នុងអំឡុងពេលនៃសន្និសីទនេះ កម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្ដីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញ សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (កិច្ចព្រមព្រៀង BBNJ) ក្នុងអំឡុងព្រឹត្តិការណ៍សន្ធិសញ្ញាពិសេស នា ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការ ការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធានសមុទ្រ នៅ ក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។
បន្ថែមលើនេះ កម្ពុជាបានចូលរួមការអំពាវនាវជាសកលដើម្បីប្រយុទ្ធនឹងការបំពុលដោយប្លាស្ទិក តាមរយៈការប្រកាសគាំទ្រ «សេចក្តីអំពាវនាវទីក្រុងនីស» ដែលផ្តួចផ្តើមដោយសមាជិកភាគច្រើននៃ គណៈកម្មាធិការចរចាអន្តររដ្ឋាភិបាល ពាក់ព័ន្ធការបំពុលដោយប្លាស្ទិក (Intergovernmental Negotiating Committee on Plastic Pollution – INC)។ កិច្ចខិតខំប្រឹងប្រែងនេះនឹងជំរុញឱ្យភាគី ពាក់ព័ន្ធទាំងអស់ចាប់យកឱកាសជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចអនុម័តនូវសន្ធិសញ្ញាប្លាស្ទិកមួយ ប្រកបដោយមហិច្ឆិតា ភាពជាសកល ប្រសិទ្ធភាព និងដែលចងកាតព្វកិច្ច នៅសម័យប្រជុំបន្ទាប់របស់ INC នាពេលខាងមុខនេះ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងបញ្ចប់នូវការបំពុលដោយប្លាស្ទិក សម្រាប់អនាគតមនុស្សជំនាន់ក្រោយ និងផែនដីរបស់យើង។
ស្របពេលសន្និសីទ UNOC3 សម្តេចធិបតី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ
និងប្រធានគណៈប្រតិភូនៃបណ្តាប្រទេស និងស្ថាប័ន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី រួមមាន៖
ជំនួបជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្ដេចធិបតី បានអបអរសាទរប្រទេសបារាំង ចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ UNOC3 ។ សម្ដេចធិបតី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការការពារបរិស្ថាន ដូចដែលបានបង្ហាញតាមរយៈការចុះហត្ថលេខារបស់កម្ពុជាលើ កិច្ចព្រមព្រៀង BBNJ។ ឯកឧត្តមប្រធានាធិបតី បានលើកទឹកចិត្តដល់កម្ពុជា និងរដ្ឋ សមាជិកដទៃទៀត ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់បំផុត នៅមុនសម័យ ប្រជុំលើកទី៨០ នៃមហាសន្និបាតអ.ស.ប.។ ទន្ទឹមនឹងការប្តេជ្ញាចិត្តក្នុងការរៀបចំនីតិវិធីបន្ដ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ សម្ដេចធិបតី បានសម្តែងការពេញចិត្តយ៉ាងខ្លាំង សម្រាប់ការបន្តគាំទ្ររបស់ប្រទេសបារាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើន ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ ទំនាក់ទំនងបារាំង-កម្ពុជា ក្នុងគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ ឯកឧត្តម ប្រធានាធិបតី បានកោតសរសើរដល់ប្រតិបត្តិការថែរក្សាសន្តិភាពរបស់កម្ពុជាក្រោមឆ័ត អ.ស.ប. និងបានទទួលស្គាល់ជំនាញរបស់កម្ពុជាក្នុងការដោះមីន។ ឯកឧត្តមប្រធានាធិបតី នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅ ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ភាគីទាំងពីរក៏បាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមទាំងតួនាទីយ៉ាងសកម្មរបស់ បារាំងក្នុងនាមជាដៃគូអភិវឌ្ឍន៍អាស៊ាន និងជំនួយបច្ចេកទេសសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅទីក្រុងសៀមរាប ក្នុងឆ្នាំ២០២៦។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ក៏ទន្ទឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តមប្រធានាធិបតី នៅកម្ពុជា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផល ប្រយោជន៍ទៅវិញទៅមក។
ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប សម្តេចធិបតី បានគូសបញ្ជាក់ថាកម្ពុជាមានកិច្ចសហប្រតិបត្តិការប្រកបដោយថាមវន្តជាមួយសហភាព អឺរ៉ុប និងរដ្ឋសមាជិក នៅលើវិស័យជាច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ សម្ដេចធិបតី បានឆ្លៀតឱកាសរំលេចអំពីការរីកចម្រើន របស់កម្ពុជានៅក្នុងការគ្រប់គ្រងវិស័យនេសាទប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តរបស់ កម្ពុជាក្នុងការសម្រេចឱ្យបាននូវការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅ ឆ្នាំ២០៣០ និងសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាការឆ្លើយតប ឯកឧត្តម António Costa
បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហភាពអឺរ៉ុប កម្ពុជា
អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងនូវក្របខ័ណ្ឌគតិយុត្ត ជាពិសេស វឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងច្បាប់ស្តីពីជលផល។ មុននឹងបញ្ចប់ជំនួប ឯកឧត្តម António Costa ក៏បានអញ្ជើញ សម្ដេចធិបតី ទៅបំពេញទស្សនកិច្ចស្ថាប័នសហភាពអឺរ៉ុប នាទីក្រុង ព្រុចសែល ដើម្បីពិភាក្សាអំពីកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកទំនាក់ទំនង សហភាពអឺរ៉ុប និងកម្ពុជា ហើយ សម្តេចធិបតី បានសម្តែងការរីករាយក្នុងការទទួលយកការ អញ្ជើញនេះ។
ជំនួបជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន សម្ដេចធិបតី បានរំលឹកឡើងវិញពីជំនួបទ្វេភាគីដ៏កក់ក្ដៅរវាង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមប្រធានាធិបតី Rahmon កាលពីឆ្នាំ២០១៩ កន្លងទៅនៅប្រទេសតាហ្ស៊ីគីស្ថាន។ ខណៈពេលដែលឆ្នាំនេះជាខួប លើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-តាហ្ស៊ីគីស្ថាន ថ្នាក់ដឹកនាំទាំងពីរបានសម្តែង ការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជា- ជាតិទាំងពីរ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ បានលើកទឹកចិត្តឱ្យមាន ការចាប់ផ្តើមរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីឱ្យបានឆាប់ ដើម្បីស្វែងរកមធ្យោបាយដើម្បី ពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ ថ្នាក់ដឹកនាំទាំងពីរ បានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមមានថាមពល ស្អាត កសិកម្ម និងអប់រំ។ល។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តមប្រធានាធិបតី Rahmon បានអញ្ជើញ សម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតាហ្ស៊ីគីស្ថាន ហើយ សម្តេចធិបតី បានទទួលយកការអញ្ជើញដោយក្ដីរីករាយ។
ជំនួបជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវរ៍ សម្ដេចធិបតី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសកូតឌីវ័រ និងបានរំលឹកឡើងវិញពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រី Mambé នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ ថ្នាក់ដឹកនាំទាំងពីរ បាន ពិភាក្សានិងផ្លាស់ប្តូរទស្សនៈលើវិស័យសក្តានុពលមួយចំនួន ជាពិសេស វិស័យឧស្សាហកម្ម និងកសិកម្ម។ ឯកឧត្តមនាយករដ្ឋមន្ត្រី Mambé បានជម្រាបជូនថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម កូតឌីវ័រ នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ពីលទ្ធភាពនៃការ
ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ចុងបញ្ចប់នៃកិច្ចពិភាក្សា សម្ដេចធិបតីបាន
អញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រី Mambé បំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា ហើយ ឯកឧត្តមនាយករដ្ឋមន្តី Mambé បានបង្ហាញឆន្ទៈអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងចូលរួមកិច្ច ប្រជុំកំពូលហ្វ្រង់កូហ្វូនី។
ជំនួបជាមួយ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រ បែលហ្ស៊ិក សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និង បែលហ្ស៊ិក និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិកដែលបានផ្តល់ ការគាំទ្រដល់វិស័យសំខាន់ៗ រួមមាន ការបោសសម្អាតមីន អប់រំ និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC)។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់ន យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាវេទិកាដ៏សំខាន់ក្នុង ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាការឆ្លើយតប លោកជំទាវ Annelies Verlinden បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និង បែលហ្ស៊ិក និងបានទទួលស្គាល់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួង យុត្តិធម៌នៃប្រទេសទាំងពីរ។
ជំនួបជាមួយ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធទទួលបន្ទុកកិច្ច ការអឺរ៉ុប និងអន្តរជាតិនៃសាធារណរដ្ឋអូទ្រីស សម្ដេចធិបតី បានសម្តែងការពេញចិត្តចំពោះ ទំនាក់ទំនងកម្ពុជា-អូទ្រីសដ៏យូរអង្វែង និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេស អូទ្រីស ដែលរួមមានការផ្តល់អាហារូបករណ៍ និងការផ្ដល់ជំនួយដល់ស្ថាប័នសំខាន់ៗដូច ជាមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា អង្គការ UNDP និង និងអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (ECCC)។ សម្តេចធិបតី និង ឯកឧត្តម Sepp Schellhorn បានលើកទឹក ចិត្តឱ្យភាគីទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យផ្សេងៗទៀតដែល ជាប្រយោជន៍រួម។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសការប្រែប្រួលអាកាសធាតុ។ សម្ដេចធិបតី បានលើកឡើងពីការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញ នូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីធានាបាននូវនិរន្តរភាព បរិស្ថាន និងអន្តរកាលថាមពល ជា ពិសេស កម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន ៦២% និងបាន កំណត់គោលដៅសម្រេចបាននូវថាមពលស្អាតចំនួន ៧០% នៅឆ្នាំ២០៣០៕ រក្សាសិទ្ធដោយ៖សុទ្ធលី








