ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៦៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃទី១៣ ខែមិថុនា។ នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមានអ្នកស្លាប់ចំនួន ២៤១នាក់ ជាមនុស្សនៅលើយន្តហោះ និងអ្នកស្លាប់ចំនួន ២៤នាក់ផ្សេងទៀតគឺមនុស្សកំពុងស្នាក់ក្នុងសណ្ឋាគារមួយកន្លែង ដែលយន្តហោះបានធ្លាក់ទៅបុកនិងបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
យ៉ាងណាក្តី ក៏មានមនុស្សម្នាក់មានសំណាងនៅរស់មានជីវិតផងដែរ ដោយរូបគាត់ជាបុរសអាយុ ៤០ឆ្នាំម្នាក់ ឈ្មោះ Ramesh Viswashkumar ជាអ្នកដំណើរនៅលើយន្តហោះ ដែលបានអង្គុយនៅក្បែរទ្វារចេញពេលមានអាសន្នរបស់យន្តហោះ ហើយក្នុងពេលកើតហេតុនោះគាត់ក៏បានលោតចេញពីយន្តហោះតាមទ្វារចេញពេលមានអាសន្ននោះទាន់ពេញវេលា ខណៈពេលនេះរូបគាត់កំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ។ សូមបញ្ជាក់ជូនថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះជាប្រភេទយន្តហោះ Boeing 787-8 Dreamliner មានជើងហោះហើរលេខ Air India 171 ផ្ទុកមនុស្សសរុបចំនួន ២៤២នាក់ និងមានគោលដៅហោះឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយយន្តហោះបានធ្លាក់នៅក្នុងទីក្រុង Ahmedabad ភាគខាងលិច នៃរដ្ឋ Gujarat ប្រទេសឥណ្ឌា៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time