ភ្នំពេញ _អស់រយៈពេលជិតបួនឆ្នាំ ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បានឈានដល់ទីបញ្ចប់ ដោយបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋមនីយជីវមណ្ឌលបឹងទន្លេសាប ។
អ្នកចូលរួមក្នុងកម្មវិធីនេះមានប្រមាណជិត ១០០នាក់ ដែលនៅក្នុងនោះរួមមានតំណាងមកពី
រដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប ដៃគូអនុវត្តគម្រោង អង្គការសង្គមស៊ីវិល អាជ្ញាធរថ្នាក់មូលដ្ឋាន និងសហគមន៍។
សិក្ខាសាលាក្នុងពិធីបិទគម្រោង«បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១ ធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំ សណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ។ កម្មវិធីនេះបានបង្ហាញពីលទ្ធផលរបស់គម្រោងដែលសម្រេចបានតាមរយៈការរួមបញ្ចូលគ្នានូវការអភិវឌ្ឍប្រកបដោយចីរភាព ការការពារបរិស្ថាន និងនវានុវត្តន៍។
ឥទ្ធិពលគម្រោងនៅតំបន់ទន្លេសាបតាមរយៈការចូលរួមយ៉ាងសស្រាក់សស្រាំរបស់សហគមន៍ និងកិច្ចសហការអន្តរក្រសួង គម្រោងនេះបានបង្កើនលទ្ធភាពក្នុងការទទួលបានទឹកស្អាត អនាម័យ ការអប់រំ និងជម្រើសសម្រាប់ការចិញ្ចឹមជីវិតរបស់ សហគមន៍៖-ទឹកស្អាត៖ ពលរដ្ឋចំនួន ២.០០០នាក់ និងសិស្សាចំនួន ៣.២០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ -អនាម័យ: រៀបចំឱ្យមានភាពប្រសើរឡើងនូវអនាម័យដល់សិស្សចំនួន ២០.០០០ នាក់
-គំនិតផ្តួចផ្តើមឥដ្ឋអេកូ៖ កែឆ្នៃប្លាស្ទិកទម្ងន់ ៤០០០គីឡូក្រាម បង្កើតប្រាក់ចំណូលសម្រាប់សហគមន៍នេសាទ -ជំនួយផ្នែកអប់រំ ៖ សិស្សចំនួន ១០.០០០នាក់ ទទួលបានអត្ថប្រយោជន៍ពីអាហារ អាហារូបករណ៍ និងសម្ភារៈសិក្សាក្នុងថ្នាក់ -កំណើនសេដ្ឋកិច្ច៖ ជំរុញការផលិតទឹកឃ្មុំ ទេសចរណ៍ធម្មជាតិ ថាមពលក្រៅបណ្តាញ និងការទទួលបានទីផ្សារសម្រាប់ក្រុមដែលដឹកនាំដោយស្ត្រី។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា “តាមរយៈគម្រោង EU-CAPFISH/FOSTER Lot 1 យើងបានមើលឃើញនូវភាពច្នៃប្រឌិត និងភាពធន់គួរឱ្យកត់សម្គាល់របស់សហគមន៍នេសាទក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។ ដោយមានការបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព គម្រូសេដ្ឋកិច្ចវិលជុំ និងការអប់រំប្រកបដោយបរិយាបន្ន យើងមិនត្រឹមតែពង្រឹងជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់និរន្តរភាពបរិស្ថានទៀតផង។ ខណៈពេលដែលយើងកំពុងសាទរនូវសមិទ្ធផលនេះ អង្គការអុកស្វាមក៏សូមអំពាវនាវដល់អង្គការដៃគូ អ្នកបង្កើតគោលនយោបាយ និងសហគមន៍ បន្តវិនិយោគលើរាល់ដំណោះស្រាយទាំងឡាយណាដែលគាំទ្រសហគមន៍ និងការពារធនធានធម្មជាតិរួមរបស់យើងទាំងអស់គ្នា។”
លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមាន ប្រសាសន៍បន្ថែមថា “គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការពង្រឹងនូវសេវាកម្មដែលចាំបាច់ និងការបង្កើតឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងសហគមន៍ គម្រោង CAPFISH/FOSTER ដែលគាំទ្រដោយសហភាពអឺរ៉ុប បានដាក់ចេញជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សហគមន៍នេសាទឲ្យមានភាពធន់ និងភាពជាម្ចាស់ការ។ គម្រោងនេះក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់សហភាពអឺរ៉ុបជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងតាមរយៈ Global Gateway ក្នុងការគាំទ្រដល់ការប្រកបជីវិតដែលមានភាពធន់ និងការជួយគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច (LDC)” ។
ឯកឧត្តម ស្រ៊ុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល និងជានាយករងនៃកម្មវិធី EU-CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា “គម្រោង EU-CAPFISH/FOSTER គឺជាសក្ខីភាពដែលសម្រេចបានតាមរយៈភាពជាដៃគូដ៏រឹងមាំ និងចក្ខុវិស័យរួម។ រដ្ឋបាលជលផលមានមោទនភាពណាស់ក្នុងភាពជាដៃគូជាមួយសហភាពអឺរ៉ុប និងដៃគូរបស់យើងក្នុងការលើកកម្ពស់សហគមន៍ និងការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព”។
ឯកឧត្តម ស្រ៊ុន លឹមសុង បានថ្លែងថា ក្នុងឆ្នាំ២០២៤កន្លងមក រដ្ឋាភិបាលនៃប្រទេសកម្ពុជា ជាពិសេសរដ្ឋបាលជលផល សង្កេតឃើញថាប្រទេសកម្ពុជាទទួលបានផលនេសាទ និងវារីវប្បកម្មសម្រេចបានចំនួនជាង ៩២៧ពាន់ តោន កើនឡើង ៦១ពាន់តោន ស្មើនឹង៧% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលនេសាទទឹកសាបទទួលបាន៤៦៧ពាន់តោន ផលនេសាទសមុទ្រទទួលបាន ១៣៩ពាន់តោន និងផលវារីវប្បកម្ម ៣២០ពាន់តោន។ ទន្ទឹមនេះ ការអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិជាតិ ក្រសួងទទួលបានតួលេខវិជ្ជមាន ដែលមានសត្វផ្សោតបានកើតកូនចំនួន៩ក្បាល និងស្លាប់៤ក្បាល តាមការប៉ានស្មានមានសត្វផ្សោតសរុបចំនួន ១០៤ក្បាលក្នុងឆ្នាំ២០២៤។
ជាមួយគ្នានេះ ក៏មានវត្តមានជ្រូកទឹកជាច្រើនឡើងវិញបន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំកន្លងមក ជាមួយគ្នានេះ ផ្សោតឃ្លៀច (ផ្សោតពណ៌ ផ្កាឈូក) និងផ្សោតក្បាលត្រឡោកក៏កើនឡើងច្រើនផងដែរ ប្រមាណជាង១០០ក្បាល ដែលតែងតែមានវត្តមានជាញឹកញាប់នៅតំបន់ឆ្នេរ ពិសេសខេត្តកំពតនិងកែប។
ក្រសួងបានពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច និង អង្គការជាតិនិងអន្តរជាតិក្នុងការទប់ស្កាត់ បទល្មើសនេសាទកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








