គោលជំហរកម្ពុជា៖ សម្តេច ហ៊ុន ម៉ាណែត លើកបញ្ហាព្រំដែនកម្ពុជា-ថៃ ចំពោះមុខប្រធានាធិបតីបារាំង សំដៅបញ្ចប់ជម្លោះឆាប់រហ័ស

គោលជំហរកម្ពុជា៖ សម្តេច ហ៊ុន ម៉ាណែត លើកបញ្ហាព្រំដែនកម្ពុជា-ថៃ ចំពោះមុខប្រធានាធិបតីបារាំង សំដៅបញ្ចប់ជម្លោះឆាប់រហ័ស

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីបញ្ហាកម្ពុជា-ថៃ នៅចំពោះមុខប្រធានាធិបតីបារាំង ដើម្បីបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជា ប៉ុន្តែគ្មានគោលបំណងអ្វីក្រៅពីការដោះស្រាយបញ្ហាឱ្យបានឆាប់នោះទេ ខណៈដែលប្រធានាធិបតីបារាំង បានបញ្ជាក់ថា បារំាងអាចជួយសម្របសម្រួលតាមរយៈការផ្តល់ឯកសារដល់ភាគីកម្ពុជានិងថៃ ក្នុងជម្លោះខ្សែបន្ទាត់ព្រំដែនប្រសិនបើក្នុងករណីចាំបាច់។

ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការអញ្ជើញទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេស បារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នាព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីរឿងរ៉ាវបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដោយសម្តេចបវរធិបតី លើកឡើងពីបញ្ហាកម្ពុជា-ថៃ នៅចំពោះមុខប្រធានាធិបតីបារាំង ដើម្បីបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ គ្មានគោលដៅផ្សេងនោះទេ។

ឯកឧត្តម បានបន្តថា គោលជំហររបស់កម្ពុជា ក្នុងរឿងរ៉ាវជាមួយប្រទេសថៃ ទី១.កម្ពុជានៅតែបន្តរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃ ទី២.កម្ពុជាច្បាស់ណាស់យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហាតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះជាការពិត ប្រកែកមិនបាននិងបានសម្រេចរួចហើយកំពុងតែដំណើរការ គោលដៅគឺរកឱ្យឃើញ ដោយសន្តិវិធី ឱ្យបានឆាប់ ឱ្យបានចប់ជាស្ថាពរ លើដំណោះស្រាយបញ្ហាព្រំដែនឱ្យបានដាច់ស្រេច ព្រោះកម្ពុជាមិនចង់បន្សល់ទុកបញ្ហាច្រំដែលទាំងនេះ ឱ្យនៅបន្តវែងឆ្ងាយទៅមុខទៀតរហូតអាចបង្ករកើតជាបញ្ហាផ្ទុះអាវុធជាថ្មីនោះទេ ទី៣. ជំហររបស់កម្ពុជា ទន្ទឹមនេះនៅក្រៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ កម្ពុជាបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការដដែលដែលមានស្រាប់ គឺយន្តការគណៈកម្មការព្រំដែនចម្រុះJBC កម្ពុជា-ថៃ ដដែល ទី៤.គោលជំហររបស់កម្ពុជាគឺបន្តរក្សាទំនាក់ទំនងកម្ពុជា-ថៃ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ជម្លោះព្រំដែនជាថ្មីរវាងប្រទេសកម្ពុជា និងថៃ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ដោយមានការប៉ះទង្គិចគ្នាមួយ កើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ ហើយបានបង្កើតឲ្យមានភាពតានតឹងរវាងកងទ័ពនៃប្រទេសទាំងពីរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles