គម្រោង អគារអន្តេវាសិកដ្ឋាន១ខ្នង រាងអក្សរ U ជាអំណោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់សិស្សស្រីក្រីក្រមកពីបណ្ដាខេត្តនានាស្នាក់អាស្រ័យដើម្បីបន្តការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់នោះ ត្រូវបានបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ហើយ , មានកម្ពស់៤ជាន់ ស្មើនឹង១២៦បន្ទប់ អាចឱ្យនិស្សិតស្នាក់ នៅបាន ៥០៤នាក់ ដោយក្នុង១បន្ទប់ៗ ស្នាក់នៅបានចំនួន ៤នាក់ មានបន្ទប់ទឹក និងចង្ក្រានបាយផងដែរ។
ការបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាននេះ ធ្វើឡើងនៅលើទីតាំងស្ថិតក្នុងទឹកដីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្រោយការសាងសង់អគារនេះរួច នឹងត្រូវប្រគល់ជូនជាសម្បត្តិរដ្ឋ គ្រប់គ្រងដោយក្រសួងកិច្ចការនារី។
ការចាប់ផ្ដើមសាងសង់នេះ គឺធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សម្ដេចក៏សម្រេចផ្តល់ដីកសាងអន្តេវាសិកដ្ឋានលើផ្ទៃដី ២ហិកតា ដែលមានតម្លៃជាង១០លានដុល្លារ សម្រាប់និស្សិតស្រីក្រីក្រ មកពីបណ្តាខេត្ត ស្នាក់អាស្រ័យ ដើម្បីបន្តការសិក្សារៀនសូត្រនៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN










