អគ្គិសនីកម្ពុជាគ្រប់គ្រាន់៖ ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា កម្ពុជាពុំបាននាំចូលភ្លើងពីថៃចូលបណ្តាញជាតិឡើយ គឺសូន្យ។

អគ្គិសនីកម្ពុជាគ្រប់គ្រាន់៖ ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា កម្ពុជាពុំបាននាំចូលភ្លើងពីថៃចូលបណ្តាញជាតិឡើយ គឺសូន្យ។

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្ដម កែវ រតនៈ បានថ្លែងថា ពេលនេះ ម៉ោងនេះ ថ្ងៃនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។

ការថ្លែងរបស់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជានេះធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។

ឯកឧត្ដម កែវ រតនៈ អះអាងថា «ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការមិនយកថាមពលអគ្គិសនីចូលបណ្តាញជាតិនៃប្រទេសទាំងពីរ ដោយសារ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់»។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសសូមកុំដុតព័ត៌មាននេះឱ្យទៅជារឿងផ្សេង សូមកុំឱ្យក្លែងពាក្យសម្ដី សូមកុំឱ្យឌឺដងថា យើងមិនត្រូវការគ្នាទៅវិញទៅមក។

ឯកឧត្ដម កែវ រតនៈ បានបន្ថែមថា នៅក្នុងពិភពលោកនេះ ការភ្ជាប់បណ្ដាញប្រទេសមួយទៅប្រទេសមួយ គឺជាផលចំណេញទាំងអស់គ្នា អាមេរិកក៏យកភ្លើងពីកាណាដា ប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ក៏ប្រទាក់ក្រឡាគ្នាទោះបីជាមានការតឹងតែងអីក៏នៅតែប្រើភ្លើងទៅវិញទៅមក នៅអាហ្វ្រិកក៏មានបណ្ដាញឆ្លងប្រទេសដូចគ្នា នៅក្នុងអាស៊ានក៏មានផែនការ ដើម្បីភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានជាតិដូចគ្នា ជាពិសេសការប្រជុំជំនួបកំពូលអាស៊ានទាំង១០ នៅឯប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះ ក៏មានការលើកឡើងអំពីការភ្ជាប់បណ្ដាញអគ្គិសនីអាស៊ាន១០ ទាំងអស់គ្នានាថ្ងៃអនាគត។ ដូច្នេះការបំភ្លឺនេះ គ្រាន់តែជាការបំភ្លឺជូនបងប្អូនជនរួមជាតិ ហើយសូមអំពាវនាវកុំឱ្យដុតរឿងទៅជារឿងផ្សេង សូមឱ្យប្រទេសទាំងអស់នៅក្នុងអាស៊ាន មានការសហការណ៍គ្នាជាបន្ត ថៃនិងកម្ពុជា ក៏ត្រូវសហការណ៍គ្នាបន្ត ដើម្បីចំណេញទៅចំណេញមក។ ដូច្នេះបញ្ហានេះ សូមឱ្យបងប្អូនទទួលយកនូវការពិតនេះ ហើយកុំឱ្យមានការផលិតព័ត៌មានក្លែងក្លាយទាំងឡាយ ដែលប្រាសចាកពីការពិតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles