កំពង់ធំ៖ ជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវ! ឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យដំណាំរងគ្រោះនៅឃុំសាន់គ ត្រៀមពូជស្រូវជួយប្រជាកសិករ

កំពង់ធំ៖ ជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវ! ឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យដំណាំរងគ្រោះនៅឃុំសាន់គ ត្រៀមពូជស្រូវជួយប្រជាកសិករ

កំពង់ធំ ៖ យោងតាម ព័ត៌មានទូរទស្សន៍មហាផ្ទៃ នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវវស្សា ជន់លិចស្រូវវស្សារបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងខូចខាត នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានណែនាំដល់មន្ត្រីជំនាញឱ្យត្រៀមធ្វើផែនការ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ចែកជូនដល់បងប្អូនប្រជាកសិករ ដើម្បីពួកគាត់មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។ លើសពីនេះទៀត ឯកឧត្តមបានផ្តាំផ្ញើ ជូនចំពោះបងប្អូនប្រជាកសិករ និងលើកទឹកចិត្តឱ្យខិតខំបង្កបង្កើនផលស្រូវ ឬដាំដំណាំរួមផ្សំផ្សេងៗទៀត។

សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកំពង់ស្វាយ ស្ថានភាពឃុំដែលរងផលបប៉ះពាល់ និងខូចខាត ដោយគ្រោះទឹកជំនន់ លើដំណាំស្រូវ មានផ្ទៃដីបង្កបង្កើនផលសរុប ចំនួន ២៦,៨៨៨ ហិកតា (ស្រូវវស្សា ចំនួន ១៤,៩២៦ហិកតា និងស្រូវស្រាល ១១,៩៦២ ហិកតា) ផ្ទៃដីដែលរងផលប៉ះពាល់ចំនួន ៦៣៨ ហិកតា ស្មើនឹង ៥៤៦ គ្រួសារ៕

ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

administrator

Related Articles