(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គិភ័យមួយកន្លែង នៅសង្កាត់ចោមចៅទី២ បានបណ្តាលឱ្យមនុស្ស ៤នាក់ បាត់បង់ជីវិត។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងមន្ថែមថា នៅវេលាម៉ោង ០៥:០៥នាទី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ចំពោះអគ្គិភ័យមួយនេះធ្វើឱ្យឆេះខូចខាតសម្ភារអស់ទាំងស្រុង និងបណ្ដាលឱ្យមនុស្ស ៤ នាក់បានបាត់បង់ជីវិត មានឪពុកម្តាយ ២នាក់ និងកូនស្រីតូច ២នាក់ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរនោះឡើយ។
ដោយឡែកនៅវេលាម៉ោង ០៦:០៥នាទី ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង២២ម៉ែត្រគូប និងរថយន្តកងពលតូចលេខ៧០ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៨ម៉ែត្រគូប៕