ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី ១៣ មិថុនា ២០២៥ បានលើកឡើងថា ក្នុងដំណើរវិលត្រឡប់ពីជួរមុខខេត្តព្រះវិហារវិញ ខ្ញុំបានចុះមកត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាប
នៅសារមន្ទីរតេជោសន្តិភាពមានដាក់តាំងបង្ហាញអាវុធនិងគ្រាប់យុទ្ធភណ្ឌយ៉ាងច្រើនជាសំណល់សង្គ្រាម
ជាក់ស្តែងមានដាក់តាំងកាំភ្លេីងធំប្រភេទ១៥២មម ហៅថាD-20 ផលិតនៅសហភាពសូវៀត ក្នុងទសវត្សឆ្នាំ១៩៥០។
ឯកឧត្តមហេង រតនា បានថ្លែងថា នៅទសវត្ស១៩៨០-៩០ កាំភ្លេីងធំនេះត្រូវបានដាក់ឱ្យប្រយុទ្ធនៅទីតាំងអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយភាគីម្ខាងនៃជម្លោះខ្មែរ-ខ្មែរ ប្រឆាំងជាមួយរដ្ឋាភិបាលដែលគាំទ្រដោយសៀមបានបែរកាណុងកាំភ្លេីងធំនេះបាញ់ផ្លោងមកលេីទឹកដីនិងកងទ័ពរដ្ឋកម្ពុជា(អាចជាកាំភ្លេីងធំដណ្តេីមកាន់កាប់រឹបអូសបាន)។ តាមប្រវត្តិក្នុងពេលប្រយុទ្ធគ្នានាគ្រាមួយនោះ កាំភ្លេីងធំនេះត្រូវបានកងកម្លាំងរដ្ឋកម្ពុជាផ្លោងសងវិញបណ្តាលឱ្យទាហ៊ានបញ្ជាកាំភ្លេីងធំនេះមួយចំនួនស្លាប់នៅហ្នឹងកន្លែង ហេីយកាំភ្លើងធំនេះត្រូវបានបំផ្លាញនិងមានជាប់គ្រាប់នៅក្នុងកាណុងមួយគ្រាប់ផងដែរ។ ដោយសារមានគ្រាប់ជាប់ក្នុងកាណុងកាំភ្លើងធំនេះ ទេីបគ្មានអ្នកណាយកកាំភ្លេីងធំនេះចេញពីទីតាំងនេះឡេីយ រហូតដល់ឆ្នាំ២០១៨ តាមសំណេីរបស់កម្លាំងជួរមុខនៅអូរស្មាច់ កម្លាំងជំនាញអង្គភាពCMAC បានធ្វេីដោះបន្សាបនិងដឹកជញ្ជូនមកដាក់តាំងពិពណ៌នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាបរហូតមកដល់ពេលនេះ។
បច្ចុប្បន្ននេះ ក្រោមដំបូលសុខសន្តិភាពនៅកម្ពុជាដែលគ្របដណ្តប់ទឹកដីនៃព្រះរាជាណាចក្រនេះ១០០% ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា ប្រាកដណាស់គ្មានភាគីខែ្មរក្បត់ជាតិណាជំនាន់នេះ មានឱកាសបង្វែរកាណុងកាំភ្លើងបែបនេះមកលើទឹកដីនៃព្រះរាជាណាចក្រនេះដូចសម័យកាលមុនៗឡើយ។ ហើយកម្លាំងខ្មែរច្រើនលើសលប់នាពេលនេះ រួមគ្នាបង្វែរកាណុងកាំភ្លើងតូចធំនិងអាវុធគ្រប់ប្រភេទទៅតែមួយទិសប៉ុណ្ណោះ ដែលជាទិសមានខ្មាំងសត្រូវរបស់ខ្លួន ៕រក្សាសិទ្ធដោយ៖សុទ្ធលី









