ផលិតករខ្មែរ៖ លោក ឆាយ បូរ៉ា ចាត់ទុកការហាមភាពយន្តថៃជាឱកាសមាស ជំរុញយុទ្ធសាស្ត្រទ្រទ្រង់វិស័យភាពយន្តខ្មែរ

ផលិតករខ្មែរ៖ លោក ឆាយ បូរ៉ា ចាត់ទុកការហាមភាពយន្តថៃជាឱកាសមាស ជំរុញយុទ្ធសាស្ត្រទ្រទ្រង់វិស័យភាពយន្តខ្មែរ

មុននេះ ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញការប្រកាសមួយ ជម្រាបជាដំណឹងដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ចូលរួមបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ លើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ ចំណែកឯម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ត្រូវចូលរួមបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣មិថុនា នេះតទៅ ។

ក្នុងនោះ ការប្រកាសនេះ គឺក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកភាពលើការជូនយោបល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ។

ភ្លាមៗទាក់ទងនឹងរឿងរ៉ាវនេះ លោក ឆាយ បូរ៉ា ជាផលិតករភាពយន្តដ៏មានកេរ្តិ៍ឈ្មោះក្នុងប្រទេសកម្ពុជា បានយល់ថា នេះគឺជាឱកាសល្អសម្រាប់ផលិតករខ្មែរ ដែលត្រូវគិតពីយុទ្ធសាស្ត្រដើម្បីទ្រទ្រង់វិស័យភាពយន្តខ្មែរ ដោយលោកបានមានប្រសាសន៍ថា “ជាដំណឹងល្អសម្រាប់ផលិតករខ្មែរក្នុងតំណាក់កាលដំបូង។ តើយើងត្រូវធ្វើកិច្ចការអ្វីទៀតសម្រាប់ភាពយន្តខ្មែរ? នេះជាសំណួរដែលផលិតករទាំងអស់ត្រៀមគិត ត្រៀមធ្វើ។

ក្នុងនោះ លោកបានបន្ថែមថា ចំពោះប្រភេទរឿងដែលដាក់បញ្ចាំងតាមរោងភាពយន្ត ភាគច្រើនសុទ្ឋសឹងតែប្រភេទរឿង រន្ឋត់ (ខ្មោច) ដែលទីផ្សារចំពោះរឿងប្រភេទនេះស្ទើរតែនៅទ្រឹង និងថមថយចំនួនទស្សនិកជន ដែលជាហេតុនាំអោយទំហំសេដ្ឋកិច្ចភាពយន្តមានការធ្លាក់ចុះ។ តាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ លើប្រទេសជិតខាង មានជាអាទ៌ប្រទេសវៀតណាម ម៉ាឡេស៊ី ប្រទេសចិន។ល។ ការីកចំរើនក្នុងវិស័យភាពយន្តទៅបានគឺអាស្រ័យប្រភេទភាពយន្តផ្សេងៗ ក្រៅពីប្រភេទរឿងខ្មោចគឺគេផ្តោត លើប្រភេទផ្សេងៗ មានដូចជា៖ Thriller, Drama, Comedy, Romance, Action. ប្រភេទរឿង រន្ឋត់បច្ចុប្បន្នហាក់ដូចជាច្រើនលើសលប់លើសពីសេចក្តីត្រូវការ និងមានភាពច្រំដែល តែវាជាសេរីភាពរបស់ផលិតករទេ។

ការគិតផលិតប្រភេទរឿងផ្សេងៗ អាចប្រឈមហន្និភ័យច្រើន ដោយប្រឈមនឹងទីផ្សារថ្មី ទស្សនិកជនថ្មី ការមិនសូវគាំទ្រពីរោងភាពយន្តលើកាលវិភាគបញ្ចាំងជាដើម។ល។ តើយើងមានយុទ្ឋសាស្ត្រអ្វីដើម្បទ្រទ្រង់វិស័យភាពយន្តខ្មែរ? នេះជាសំនួរដដែលៗរាប់ឆ្នាំមកហើយ។ សូមគាំទ្រប្រសាសន៍របស់សម្តេច៕

ប្រភព៖ Chhay Bora

administrator

Related Articles