ធ្លាក់យន្តហោះឥណ្ឌា៖ នាយករដ្ឋមន្ត្រីម៉ូឌី សោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់យន្តហោះ Air India បណ្តាលឱ្យស្លាប់ជាង ២០០នាក់

ធ្លាក់យន្តហោះឥណ្ឌា៖ នាយករដ្ឋមន្ត្រីម៉ូឌី សោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់យន្តហោះ Air India បណ្តាលឱ្យស្លាប់ជាង ២០០នាក់

ទី​ក្រុង​ញូដេលី៖ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក​ម៉ូឌី សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ឥណ្ឌា​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សោក​សៅ​បំផុត​។ គេ​ដឹង​ថា​មនុស្ស​ជាង​២​រយ​នាក់​​​ស្លាប់​ដោ​យ​សារ​ការ​ធ្លាក់​​​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែ​ឥណ្ឌា​ (Air India) ដែល​​ត្រូវ​ហោះ​ចេញ​ពី​ឥណ្ឌា​សំដៅ​ទៅ​ទី​ក្រុង​ឡុង​ ប្រទេស​អង់​គ្លេស។ យន្ត​ហោះ​ដឹក​មនុស្ស​សរុប​​​២៤២​នាក់​គិត​ទាំង​អ្នក​ដំណើរ​ និង​បុគ្គលិក​របស់​ក្រុម​ហ៊ុន​។

បន្ទាប់​ពី​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ​បាន​តែ​​​បន្តិច​​ប៉ុណ្ណោះ​​​ទៅ​ដល់​ទី​ក្រុង​អា​មេ​ដាបាត (Ahmedabad) យន្ត​ហោះ​ក៏​ធ្លាក់ ​តែ​ម្ដង​។ ​មនុស្ស​ម្នាក់​អាចនៅ​​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​​នេះ​។ គាត់​ប្រាប់​ថា​​គ្រាន់​តែ​ចាក​ចេញ​ដំណើរ​បាន​​តែ​ប៉ុន្មាន​វិ​នា​ទី​​ប៉ុណ្ណោះ​ គាត់​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​លាន់​ឮ​កង​រំពង​ពេញ​ផ្ទៃ​អាកាស​​។ មិន​យូរ​ប៉ុន្មាន​ យន្ត​ហោះ​​ក៏​ធ្លាក់​ទៅ​លើ​អគារ​មហា​វិ​ទ្យា​ល័យ​ពេទ្យ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រលាន​យន្ត​ហោះ​។ ពោល​គឺ​ធ្លាក់​ចំ​ពេល​មនុស្ស​កំពុង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​។

បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ​ យន្ត​ហោះ​នេះ​ត្រូវ​ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ​ហ្គេត​វីក (Gatwick) នៃ​ទី​ក្រុង​ឡុង​ភាគ​ខាង​ជើង​។ ប៉ុន្តែ​ជា​អកុសល​ យន្ត​ហោះ​​​ត្រូវ​ជួប​នឹង​គ្រោះ​ថ្នាក់​។ ​នគរ​បាល​​ប្រចាំ​ទី​​ក្រុង​​អា​មេ​ដាបាត (Ahmedabad) ប្រាប់​ថា​រហូត​មក​ដល់​ពេល​នេះ គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​​​២០៤​នាក់​នៅ​កន្លែង​ធ្លាក់​យន្ត​ហោះ​។ នគរ​បាល​ម្នាក់​ទៀត​ប្រាប់​ថា​គេរក​ឃើញ​អ្នក​នៅ​រស់​​ម្នាក់​អង្គុយ​កៅ​អី​​លេខ​១១​អា (11A)។ អាច​មាន​អ្នក​នៅ​រស់​មួយ​ចំនួន​ទៀត​កំពុង​​​ព្យាបាល​មុខ​របួស​នៅ​មន្ទីរ​ពេទ្យ​។ ​

លោក​ម្នាក់​អាយុ​៤០​ឆ្នាំ​ឈ្មោះ​រ៉េមេស វិស្វ​កុមារ (Ramesh Viswashkumar) ថ្លែង​ប្រាប់​កាសែត​ហ៊ីន​ឌូ​ស្ថាន (Hindustan Times) ថា​យន្តហោះ​ចេញ​ដំណើរ​បាន​៣០​វិនាទី​ គាត់​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​កង​រំពង។​ បន្ទាប់​មក​ យន្ត​ហោះ​ក៏​ធ្លាក់​តែ​ម្ដង​។ គាត់​និយាយ​ប្រាប់​អ្នក​កាសែត​ពី​គ្រែគេង​នៅ​មន្ទីរ​ពេទ្យ​ថា​ហេតុ​ការណ៍​នេះ​ហាក់​ដូច​ជា​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​បំផុត​។​​

ខុទ្ទ​កាល័យ​រដ្ឋ​មន្ត្រី​ក្រសួង​អាកាស​ចរណ៍​ឥណ្ឌា​ថ្លែង​ថា​លោក​ម៉ូឌី​ប្រាប់​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​ធ្វើ​យ៉ាង​ណា​ផ្ដល់​ការ​គាំទ្រ​សព្វ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ និង​ស្វែង​រក​សាក​សព​។ អាកាស​យាន​ដ្ឋាន​អាមេ​ដាបាត​ (Ahmedabad) សម្រេច​ចិត្ត​ផ្អាកជើង​ហោះ​ហើរ​ទាំង​អស់​ទាំង​ហោះ​ចេញ និង​ហោះ​ចូល​។ បើ​ទុក​ជា​បើក​ដំណើរ​ការ​ឡើង​វិញ​ក៏​មាន​ចំនួន​កំណត់​ផង​ដែរ​។

លោក​ហ្គោ​តាម​ អាដានី (Gautam Adani) ​ជា​ស្ថាបនិក និង​ជា​នាយក​ក្រុមហ៊ុន​អាកាស​ចរណ៍​​ខាង​លើ​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិ​ច​ថា​ក្រុម​ហ៊ុន​កំពុង​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អាជ្ញា​ធរ​។​ ​ក្រុមហ៊ុន​នឹង​ផ្ដល់​ការ​គាំទ្រ​យ៉ាង​ពេញ​លេញ​ជូន​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​​។ ក្រុម​ហ៊ុន​សន្យា​ផ្ដល់​ប្រាក់​១០​លាន​រូពី ឬ​ស្មើ​នឹង​ជាង​១១​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ម្នាក់​ៗ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​​នេះ​។ ចំពោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​របួស​ ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ថ្លៃ​ព្យាបាល​ទាំង​អស់​។​ អគារ​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​យន្ត​ហោះ​ធ្លាក់​ពី​លើ​នោះ​​ក្រុ​ម​ហ៊ុន​ធានា​សាង​សង់​ថ្មី​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles