រាជធានីភ្នំពេញ ៖ ផ្ទះលក់និងជួសជុលម៉ាសុីនត្រជាក់និងលក់កាហ្វេមួយកន្លែង ត្រូវបានភ្លើងឆាបឆេះសន្ធោសន្ធៅ បណ្ដាលឲ្យម្ចាស់ផ្ទះចំនួន៤នាក់រួមមានប្ដីប្រពន្ធនិងកូនប្រុសស្រី២នាក់ ដែលកំពុងដេកលង់លក់ ។ មិនអាចរត់ចេញរួចទាន់ពេល ក៏បានស្លាប់នៅក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអធ័មបំផុត ហើយភ្លើងក៏បានឆេះរោលផ្ទះវេរលុយអេ អឹម ខេ នៅជាប់នោះមួយទៀតរងការខូចខាតបន្តិចបន្តួចផងដែរ ។
ឧប្បត្តិហេតុគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា ផ្ទះដែលរងការឆាបឆេះនោះជាប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំទទឹងប្រវែង៥ម៉ែត្រ និងបណ្ដោប្រវែង២០ម៉ែត្រ ចំណែកជនរងគ្រោះដែលជាម្ចាស់ផ្ទះស្លាប់ទាំង៤នាក់នោះ នៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ប៉ុន្តែពួកគាត់គឺជាអ្នកលក់និងជួសជុលម៉ាសុីនត្រជាក់ និងលក់កាហ្វេផងដែរ ផ្ទះនោះរួមទាំងទ្រព្យសម្បត្តិត្រូវភ្លើងឆេះទាំងស្រុង រីឯមូលហេតុដែលនាំឲ្យមានការឆាបឆេះនោះក៏មិនទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយដែរ កំពុងស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើនៅមិនទាន់ភ្ញាក់ពីដំណេកនៅឡើយទេ ផ្ទះនោះនៅបិទទ្វារជិតមិនទាន់បើកឡើយ ខណៈនោះស្រាប់តែឃើញមានភ្លើងឆាបឆេះចេញពីទូលក់កាហ្វេដែលទុកនៅខាងមុខ រួចក៏ឆេះរាលចូលទៅក្នុងផ្ទះនោះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង ។ នៅពេលឃើញហេតុការណ៍បែបនេះកើតឡើង អ្នកជិតខាងបាននាំគ្នាស្រែកហៅឲ្យម្ចាស់ផ្ទះក្រោករត់ចេញ ប៉ុន្តែពេលនោះភ្លើងបានឆេះពេញក្នុងផ្ទះបាត់ទៅហើយ ពុំដឹងថាម្ចាស់ផ្ទះបានឮដែរឬអត់នោះទេ ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ពួកគាត់ស្រែកឡូឡាហៅម្ចាស់ផ្ទះបណ្ដើរនិងជួយពន្លត់ភ្លើងបណ្ដើរប៉ុន្តែមិនអាចជួយរំដោះម្ចាស់ផ្ទះចេញបានឡើយ ហើយក៏មិនអាចជួយពន្លត់ភ្លើងឲ្យរលត់ដែរ ព្រោះភ្លើងឆេះខ្លាំងពេក ហើយម្ចាស់ផ្ទះក៏បានជាប់គាំងនៅក្នុងនោះចេញមិនរួចតែម្ដង ។ លុះបន្តិចក្រោយមកអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ចោមចៅទី២ និងខណ្ឌពោធិ៍សែនជ័យ បានចេញទៅអន្តរាគមន៍ ហើយក្រុមសង្គ្រោះនិងពន្លត់អគ្គិភ័យ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យបានទៅដល់ជាបន្តបន្ទាប់ ។ ក្រុមអ្នកសង្គ្រោះបានព្យាយាមពន្លត់រហូតភ្លើងរលត់ទៅវិញទាំងស្រុង ប៉ុន្តែគួរឲ្យសោកស្ដាយនិងសង្វេគបំផុត ដោយម្ចាស់ផ្ទះ៤នាក់រួមមានប្ដីប្រពន្ធនិងកូនប្រុសស្រី២នាក់ បានស្លាប់រដូករណែលនៅក្នុងអណ្ដាតភ្លើងនោះ បាត់ទៅហើយ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នៅក្នុងពេលកើតមានអគ្គិភ័យនេះមានរថយន្តពន្លត់អគ្គភ័យច្រើនគ្រឿងមកពីការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាព៧១១ បានចេញអន្តរាគមន៍ ។ ប៉ុន្តែមិនអាចជួយម្ចាស់ផ្ទះបានឡើយ ព្រោះពេលទៅដល់ភ្លើងឆេះពេញបន្ទុកទៅហើយ តែក្រុមអ្នកពន្លត់ភ្លើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ភ្លើងរហូតរលត់ទៅវិញទាំងស្រុង ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកស្លាប់ ទាំង៤នាក់នោះ និងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យមានការឆាបឆេះនេះផងដែរ ។
សាកសពទាំង៤នាក់ត្រូវបាននាំយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តព្រៃស្ពឺ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ៕




















































