អ៊ីរ៉ង់-អ៊ីស្រាអែល៖ អ៊ីរ៉ង់បាញ់មីស៊ីលរាប់រយគ្រាប់សងសឹករឿងអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែរ

អ៊ីរ៉ង់-អ៊ីស្រាអែល៖ អ៊ីរ៉ង់បាញ់មីស៊ីលរាប់រយគ្រាប់សងសឹករឿងអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែរ

ទី​ក្រុង​តេ​អេ​រ៉ង់​៖ បញ្ហា​អ៊ីរ៉ង់ និងអ៊ីស្រាអែល​មិន​ទាន់​បិទ​បញ្ចប់​ដោយ​ងាយ​ៗ​នោះ​ទេ​។ បន្ទាប់​ពី​អ៊ីស្រាអែល​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​លើ​ទី​តាំង​យោធា និង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​ពី​ម្សិល​មិញ។​ ក្រៅ​ពី​បញ្ជូន​យន្ត​ហោះ​ដ្រូន​ជាង​១​រយ​គ្រឿង​ទៅ​វាយ​ប្រហារ​ឃើញ​ថា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព កាល​ពី​យប់​មិញ និង​ព្រឹក​មិញ​ទៀប​ភ្លឺ​ ​អ៊ីរ៉ង់​ប្រើ​ប្រាស់​មីស៊ីល​វាយ​ប្រហារ​វិញ​ម្ដង​។ ​​អ៊ីរ៉ង់​អះអាង​ថា​ខ្លួន​បាញ់​មីស៊ីល​រហូត​ដល់​រាប់​រយ​ចូល​ទឹក​ដី​​អ៊ីស្រាអែល​។​ ស្លាប់​ របួស ឬ​ខូច​ខាត​កម្រិត​ណា​​​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។

ប្រភព​ខ្លះ​​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​អាមេរិក​ជួយ​បាញ់​ទម្លាក់​មីស៊ីល​របស់​អ៊ីរ៉ង់​មួយ​ចំនួន។​​ កុំ​អី, អ៊ី​ស្រាអែល​​ប្រា​កដ​ជា​រង​គ្រោះ​យ៉ាង​ដំណំ​​​​​​។ អ៊ីរ៉ង់​សម្រេច​ចិត្ត​វាយ​ប្រហារ​លើក​នេះ​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​សច្ចា​ថា​ត្រូវ​តែ​សង​សឹក​ករណី​ដែល​អ៊ីស្រា​អែល​វាយ​ទី​តាំង​នុយ​ក្លេអ៊ែរ​​​ និង​សម្លាប់​​មនុស្ស​សំខាន់​ៗ​ដូច​ជា​មេ​បញ្ជា​កំពូល​ឆ្មាំ​បដិវត្ត​​ និង​អ្នក​វិទ្យា​សាស្ត្រ​អ៊ីរ៉ង់​។

ប្រមុខ​ដឹក​នាំ​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ បញ្ជាក់​ថា​ប្រតិ​បត្តិ​ការ​សឹក​ដើម្បីចាត់​ការ​កម្ម​វិធី​នុយ​​ក្លេអ៊ែរ​អ៊ីរ៉ង់​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ​។ លោក​ថា​យុទ្ធ​នា​ការ​នេះ​នឹង​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹម​​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​រហូត​ដល់​ដំណាក់​កាល​មួយ​ដែល​អ៊ីស្រាអែល​ដឹង​ច្បាស់​ថា​អ៊ីរ៉ង់​លែង​មាន​​អ្វី​ជា​គ្រោះ​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​អ៊ីស្រា​អែល​ត​ទៅ​ទៀត​។ សាក្សី​និយាយ​ថា​ពួក​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​បែក​ និង​គ្រាប់​មីស៊ីល​នៅ​លើ​ទីតាំង​ជា​ច្រើន​កន្លែង​នៃ​ប្រទេស​អ៊ីរ៉ង់​។​

អ៊ីស្រាអែលអះ​អាង​ថា​​យប់​មិញ​ អ៊ីរ៉ង់​បាញ់​មីស៊ីល​​មួយ​អស់​ដៃ​ចូល​ទី​ក្រុង​តូច​ធំ​របស់​ខ្លួន (អ៊ីស្រាអែល​) មិន​តិច​ជាង​មួយ​រយ​គ្រាប់​នោះ​ទេ​​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​សង​សឹក​របស់​អ៊ីរ៉ង់​ទៅ​លើ​អ៊ីស្រាអែល​ដែល​វាយ​​ប្រហារ​ទី​តាំង​នុយ​ក្លេអ៊ែរ​ និង​យោធា​​​អ៊ីរ៉ង់​​ពីម្សិល​មិញ​។ ​ប៉ុន្តែ​ភាគី​ទាំង​២​មិន​ទាន់​បង្ហាញ​សញ្ញា​ដក​ថយ​នៅ​ឡើយ​ទេ​។ បន្ទាប់​ពី​អ៊ីរ៉ង់​បញ្ជូន​ដ្រូន​មួយ​រយ​គ្រឿង​ចូល​ដែន​អាកាស​អ៊ីស្រាអែល​កាល​ពីថ្ងៃ​សុក្រ​ អ៊ីស្រាអែល​វាយ​​ប្រហារ​ថែម​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​។​

​​ហេតុ​នេះ នៅ​យប់​ថ្ងៃ​សុក្រ​​ និង​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​អ៊ីរ៉ង់​បាញ់​មីស៊ីល​ស្រោច​ដូច​គ្រាប់​ភ្លៀង​​​ចូល​ទី​ក្រុង​តែ​ឡាវីវ (Tel Aviv)​, យេ​រូ​សាឡឹម និង​ទី​ក្រុង​តូច​ធំ​ដទៃ​ទៀត​។ ទោះ​បី​មាន​សំណាញ់​​មេឃា​ អាយ​អឹន​ដូម (Iron Dome) និង​ខែល​ការ​ពារ​ដែន​អាកាស​របស់​អាមេរិក​ជួយ​ទប់​យ៉ាង​ណា​​ក៏​ដោយ​ ក៏​​អ៊ីស្រាអែល​មិន​​​អាច​តាម​ចាប់​មីស៊ីល​របស់​អ៊ីរ៉ង់​បាន​១០០%​នោះ​ទេ​​។ ហេតុ​នេះ អគារ​ជា​ច្រើន​កន្លែង​ត្រូវ​ឆេះ​នៅ​ក្នុង​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​។

កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទាំង​អ៊ីរ៉ង់​ និង​អ៊ីស្រាអែល​​សុទ្ធ​តែ​​អះ​អាង​ដូច​ៗ​​គ្នា​ថា​មីស៊ីល​របស់​អ៊ីរ៉ង់​​បាន​បាញ់​ចូល​ទឹក​ដី​អ៊ីស្រា​អែល​ពិត​មែន​។​ ​ចំណែក​​​​​ប្រជា​ជន​អ៊ីរ៉ង់​រស់​នៅ​​ទី​ក្រុង​​តេ​អេរ៉ង់​ភាគ​ខាង​ជើង​​​អះ​អាង​ថា​ពួក​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​​​មីស៊ីល​ និង​គ្រាប់​បែក​ទម្លាក់​ពី​លើ​យន្ត​ហោះ​។ ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​ផ្សាយ​ថា​​​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​បន្ថែម​ទៀត​ពិត​មែន​។ រហូត​មក​ដល់​ពេល​នេះ ​គេ​មិនដឹង​​ថា​​តើ​ការ​វាយ​ប្រហារ​​គ្នា​ទៅ​វិញ​ទៅ​មក​​លើក​នេះធ្វើ​ឱ្យ​ស្លាប់​​ របួស​ ឬ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​កម្រិត​ណា​ទេ​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles