ពលករខ្មែរត្រឡប់ពីថៃ៖ រាជរដ្ឋាភិបាលត្រៀមខ្លួនពេញលេញ ជួយសម្រួលនិងដោះស្រាយបញ្ហាទ្រង់ទ្រាយធំ

ពលករខ្មែរត្រឡប់ពីថៃ៖ រាជរដ្ឋាភិបាលត្រៀមខ្លួនពេញលេញ ជួយសម្រួលនិងដោះស្រាយបញ្ហាទ្រង់ទ្រាយធំ

យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួល និងដោះស្រាយក្នុងករណីមានពលករខ្មែរវិលត្រឡប់ពីប្រទេសថៃវិញក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅ ហូបចុកបណ្ដោះអាសន្ន សម្រាប់បងប្អូនពលករនៅតំបន់ព្រំដែន។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិ កងទ័ពជើងគោក និងសាលារាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តសម្រាប់ដឹកជញ្ជូនពលករពីព្រំដែនត្រឡប់ទៅស្រុកកំណើតវិញផងដែរ។

លើសពីនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជួយស្វែងរកការងារក្នុងប្រទេសជូនពលករដែលត្រឡប់មកវិញ ដោយបច្ចុប្បន្ននេះកម្ពុជាត្រូវការកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។

សម្ដេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បានត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់ពលករដែលត្រូវត្រឡប់មកវិញ ក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

ជាមួយគ្នានោះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឱ្យពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករដែលត្រឡប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។

សម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរ នៅពេលដែលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរប្រឈមនឹងបញ្ហា៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles