(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ពលករខ្មែរឱ្យវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអំពាវ នាវដល់ពលករខ្មែរឱ្យវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃ បណ្តេញចេញនិងការប្រមាថ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅមើលម្តាយ ដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឱ្យតែជាខ្មែរទោះមានឬគ្មានឯកសាររាជរដ្ឋាភិបាល ទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។
សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ សម្ដេចតេជោ ហ៊ុន សែន បានគូស រំលេចថា”ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា -ថៃ នឹងអូសបន្លាយពេលយូរពិសេស នៅពេល កម្ពុជាដាក់ពាក្យ ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពេលនោះពួកជ្រុលនិយម ថៃនិងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។នេះជារឿងពិត ដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយចៀសមិនរួច។
សូមជម្រាបថា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវវិធានការ និងការ ណែនាំសំខាន់ៗមួយចំនួន ក្នុងនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់ មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈ ក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់ មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។
សម្ដេចធិបតី ក៏បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។ សម្ដេចតេជោ ហ៊ុន សែន បានហៅវិធានការនេះថា ជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី៕
ប្រភព៖ ក្រសួងព័ត៌មាន