ILO អបអរសាទរកម្ពុជា ចំពោះវឌ្ឍនភាពលឿនក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ILO អបអរសាទរកម្ពុជា ចំពោះវឌ្ឍនភាពលឿនក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោកស្រី Kaori Nakamura-Osaka ជំនួយការអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) អំឡុងពេលបំពេញបេសកកម្មចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី១១៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។

ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរចំពោះលោកស្រី Nakamura ដែលត្រូវបានតែងតាំងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការ ILO កាលពីខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ និងលើកឡើងពីសារសំខាន់នៃភាពជាដៃគូ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងអង្គការ ILO ជាពិសេសតាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), គម្រោងរោងចក្រកាន់តែប្រសើរឡើង (BFC) និងយន្ដការកាតាលីករសកល (Global Accelerator) ហៅកាត់ថា GA។

ឯកឧត្តមក៏បានជម្រាបជូនពីវឌ្ឍនភាព នៃការអនុវត្តយន្ដការកាតាលីករសកល ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តពេញលេញរបស់កម្ពុជា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់ GA ដោយបានកត់សម្គាល់ពីភាពបន្ស៊ីគ្នានៃផែនទីបង្ហាញផ្លូវ GA ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។

លោកស្រី Nakamura បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះសុឆន្ទៈក្នុងការទទួលយកតួនាទីជាប្រទេសនាំផ្លូវសម្រាប់ការអនុវត្ត GA។ លោកស្រីក៏បានអបអរសាទរចំពោះជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក កាលពីខែមេសា ឆ្នាំ២០២៥ ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles