លើកស្ទួយវប្បធម៌ជាតិ៖ ក្រសួងព័ត៌មានជំរុញផលិតរឿងខ្មែរគុណភាពខ្ពស់ ក្រោយផ្អាកខ្សែភាពយន្តថៃ

លើកស្ទួយវប្បធម៌ជាតិ៖ ក្រសួងព័ត៌មានជំរុញផលិតរឿងខ្មែរគុណភាពខ្ពស់ ក្រោយផ្អាកខ្សែភាពយន្តថៃ

យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រឿងខ្មែរមិនត្រឹមតែជាមធ្យោបាយកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សំខាន់សម្រាប់ថែរក្សា និងពង្រឹងវប្បធម៌ អរិយធម៌ ភាសា និងអត្តសញ្ញាណជាតិបានកាន់តែរឹងមាំបន្ថែមទៀត។

ការលើកទឹកចិត្តឲ្យមានការផលិតរឿងខ្មែរ និងមាតិការបស់ជាតិសំខាន់ៗនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយអ្នកគ្រប់គ្រង និងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ស្តីពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្ត និងវីដេអូថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ។

កិច្ចប្រជុំនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មាន បានចេញលិខិតប្រាប់ដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន

ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ហើយម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ ក៏បានចេញលិខិតជូនដំណឹង ដល់គ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ។

ទន្ទឹមជាមួយគ្នានេះ សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ក៏បានប្រាប់ទៅម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍទាំងអស់ឲ្យបញ្ឈប់ការចាប់គូរាល់កីទ្បាករ កីទ្បាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយទូរទស្សន៍ និង សង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខែមិថុនា នេះតទៅផងដែ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការចាក់ផ្សាយរឿងភាពយន្តរបស់ថៃក៏ត្រូវបានហាមឃាត់នៅលើប្រព័ន្ធអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃដែលមានចាក់រឿងភាពយន្តថៃនៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមផ្កាយរណប ក៏ត្រូវបិទផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ដែរថា រាល់វិធានការដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយពីវិធានការចំពោះមុខនៃការគំរាមកំហែងរបស់ថៃ ក្នុងនោះមានការដាក់ចុះនូវវិធានការទាក់ទងនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ឲ្យបានរឹងមាំ មានប្រសិទ្ធភាពខ្ពស់។ ដូច្នេះ ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវចូលរួមអនុវត្តន៍នូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលជាការបង្ហាញពីសាមគ្គីភាពជាតិរឹងមាំ ហើយក៏បង្ហាញថា ប្រជាជនកម្ពុជាមិនទៅរំលោភបំពានគេនោះទេ ប៉ុន្តែបើគេរំលោភបំពានមកលើយើង គឺត្រូវប្រើសិទ្ធិក្នុងការពារ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែល តំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ បានបង្ហាញនូវការគាំទ្រ និងចូលរួមអនុវត្តន៍ឲ្យបានមុឹងម៉ាត់ចំពោះវិធានការទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ពិសេសគោរពតាមការណែនាំរបស់ក្រសួងព័ត៌មាន បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីពេលនេះតទៅ ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles