ICJ៖ ហ៊ុន ម៉ាណែត ប្រកាសកម្ពុជាបញ្ជូនលិខិតផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញវិវាទព្រំដែន ប្រាសាទតាមាន់-តាក្របី ចំខួប៦៣ឆ្នាំជ័យជម្នះប្រាសាទព្រះវិហារ

ICJ៖ ហ៊ុន ម៉ាណែត ប្រកាសកម្ពុជាបញ្ជូនលិខិតផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញវិវាទព្រំដែន ប្រាសាទតាមាន់-តាក្របី ចំខួប៦៣ឆ្នាំជ័យជម្នះប្រាសាទព្រះវិហារ

(រាជធានីភ្នំពេញ)៖ យោងតាមរយៈការផុសក្នុងបណ្ដាញសង្គម របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសថា កម្ពុជាពេលនេះ បានបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

តាមរយៈការផុសក្នុងផេកហ្វេសប៊ុកផ្លូវការ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងទាំងស្រុងដូច្នេះថា៖

“កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។

ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។
ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។

សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា”។

ប្រភព៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

administrator

Related Articles