(កំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង លើផ្ទៃដីសរុប ៥៥៤០ហិកតា ស្មើនឹង២០២គ្រួសារ ដែលធ្វើឱ្យខូតខាតស្រូវចំនួន ១២៩ហិកតា ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលើផ្ទៃដីសរុប ៥៥៤០ហិកតា ស្មើនឹង២០២គ្រួសារ ផ្ទៃដីដែលប៉ះពាល់លើដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ចំនួន ២៤៧ហិកតា និងខូតខាត ចំនួន ១២៩ហិកតា ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមជម្រាបថា ដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាពេលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខេត្តកំពង់ធំរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងលើដំណាំស្រូវ ចំនួន ១៣២៥ហិកតា ស្មើនឹង ១០៩៩គ្រួសារ និងខូចខាតចំនួន ៣៦០ហិកតា ស្មើនឹង ៤៩៨គ្រួសារ៕