ដំណឹង​បញ្ចៀស​ចរាចរណ៍​! អាជ្ញាធរ​ភ្នំពេញ​ជូនដំណឹង​ពី​ការ​បិទ​ផ្លូវ​បណ្ដោះអាសន្ន​ក្នុង​ពិធី​ព្យុហយាត្រា​សាមគ្គីភាព​ពី​កោះ​ពេជ្រ​ទៅ​វិមាន​ឯករាជ្យ

ដំណឹង​បញ្ចៀស​ចរាចរណ៍​! អាជ្ញាធរ​ភ្នំពេញ​ជូនដំណឹង​ពី​ការ​បិទ​ផ្លូវ​បណ្ដោះអាសន្ន​ក្នុង​ពិធី​ព្យុហយាត្រា​សាមគ្គីភាព​ពី​កោះ​ពេជ្រ​ទៅ​វិមាន​ឯករាជ្យ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​ពិធី​ព្យុហយាត្រា​សាមគ្គីភាព (Solidarity March) ដោយ​ធ្វើការ​ជួបជុំ នៅ​មុខ​ទីធ្លា​សាល​មហា​ស្រព​កោះ​ពេជ្រ រួច​ក្បួនព្យុហយាត្រា​ចេញដំណើរ​ឆ្ពោះទៅ​វិមាន​ឯករាជ្យ ស្ថិត​ក្នុង ភូមិសាស្ត្រ​ខណ្ឌដូនពេញ ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ ដើម្បី​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​របស់​មហាជន និង​យុវជន​កម្ពុជា ក្នុង​ក្របខ័ណ្ឌ ខឿន​ការពារ​ជាតិ​ប្រជាជន ក្នុង​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាម​យន្តការ​ការទូត និង​ច្បាប់​អន្តរជាតិ ដើម្បី​បុព្វហេតុ​បូរណភាព ទឹកដី អធិបតេយ្យ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដើម្បី​ឱ្យ​ពិធី​ព្យុហយាត្រា​សាមគ្គីភាព​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញា​ធរមាន សមត្ថកិច្ច​នឹង​ធ្វើការ​បញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ដែល​ធ្វើ​ដំណើរ​តាម តម្រាយ​ផ្លូវ​ក្បួនព្យុហយាត្រា ចេញពី​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ឆ្លងកាត់​តាម​ស្ពាន​នាគ​ភ្លោះ រួច​បន្ត តាម​កំណាត់​មហាវិថី​ព្រះ​សីហ​នុ និង​កំណាត់​មហាវិថី​ព្រះ​សុរា​ម្រឹត រហូត​ដល់​រង្វង់​មូល​វិមាន​ឯករាជ្យ​។


អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ពិធី​ព្យុហយាត្រា សាមគ្គីភាព​ខាងលើ​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ដោយ​អនុគ្រោះ ចាប់ពី វេលា​ម៉ោង ០៥:០០​នាទី រហូត​ដល់​បញ្ចប់​កម្មវិធី​។ ក្រោយ​បញ្ចប់​ពិធី​ព្យុហយាត្រា​សាមគ្គីភាព​ខាងលើ អាជ្ញាធរ មាន​សមត្ថកិច្ច​នឹង​បើក​ឱ្យ​ចរាចរណ៍​ជា​ធម្មតា​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles