បាត់ដំបង៖ អភិបាលខេត្ត សុខ លូ អញ្ជើញចុះពិនិត្យព្រំដែន និងត្រៀមទទួលពលករខ្មែរវិលពីថៃ ទោះមិនទាន់មានច្រើន

បាត់ដំបង៖ អភិបាលខេត្ត សុខ លូ អញ្ជើញចុះពិនិត្យព្រំដែន និងត្រៀមទទួលពលករខ្មែរវិលពីថៃ ទោះមិនទាន់មានច្រើន

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ព័ត៌មាន​កម្ពុជា​បាន​បង្ហោះ ។

ក្នុង​នោះ ឯកឧត្តម សុខ លូ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ ស្ថានភាព​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង និង​បន្ត​ពិនិត្យ​ច្រក​ទ្វារ​តំបន់​ព្រំដែន សួន​ស៊ុំ (​អូរ​អន្លក់​) ស្ថិត​ក្នុងស្រុក​កំ​រៀង បន្តដំណើរ​ត្រួតពិនិត្យ​ច្រក​ទ្វារ​តំបន់​ព្រំដែន អូរ​រំដួល ស្រុក​ភ្នំព្រឹក និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គីឡូ​១៣) ស្រុក​សំពៅ​លូន ។


ឯកឧត្តម សុខ លូ បញ្ជាក់​ថា ក្រោយ​ថៃ​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥​នេះ ស្ថានភាព​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្ថិត​ក្នុងស្រុក​កំ​រៀង បន្ត​បិទ​ទាំងស្រុង​សម្រាប់​ការ​ចរាចរណ៍​ទំនិញ​ខណៈ​ច្រក​ថ្មើ​ជើង​បើក​ដំណើរការ​ធម្មតា​។​ដោយឡែក​ច្រកព្រំដែន​៤​ផ្សេង​ទៀត​បន្ត​បើក​ដំណើរការ​ជា​ធម្មតា​ដោយ​បើក​នៅ​ម៉ោង​៩​ព្រឹក និង​បិទ​នៅ​ម៉ោង​៤​រសៀល​។

ឯកឧត្តម សុខ លូ បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ថា រដ្ឋបាល​ខេត្ត​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ក្នុង​ករណី​មាន​ពលករ​ខ្មែរ​សម្រុក​វិល​ត្រឡប់​មក​ច្រើន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ពលករ​សម្រុក​មក​ច្រើន​នោះ​ទេ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម សុខ លូ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​រស់​តាម​តំបន់​ព្រំដែន សូម​ជឿ​លើ​ព័ត៌មាន​ពិត និង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ភាគី​ថៃ ។

ឯកឧត្តម សុខ លូ មាន​ប្រសាសន៍​បន្ថែម​ថា ប្រសិនបើ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជួប​ការ​លំបាក​ហើយ ចង់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​គឺ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​ស្វែងរក​ការងារ​ជូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles