នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានប្រកាសចុងក្រោយនេះថា រាជរដ្ឋាភិបាលថៃ មិនមានផែនការបញ្ជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកទឹកដីកំណើតរបស់ពួកគេវិញនោះឡើយ ដោយលោកស្រីបានគូសបញ្ជាក់បន្ថែមអំពី ការប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិមនុស្សរបស់ប្រទេសថៃ សម្រាប់ពលករចំណាកស្រុកទាំងនោះ។

ប៉ុន្ដែ នាយករដ្ឋមន្ត្រីថៃ បាននិយាយសង្កត់ធ្ងន់ ដែលសម្ដៅមកប្រទេសកម្ពុជាថា «ប្រសិនបើប្រទេសណាមួយ ប្រកាសវិធានការដើម្បីប្រមូលពលរដ្ឋរបស់ខ្លួន និងផ្ដល់ការងារឱ្យពួកគេ ពេលត្រឡប់ទៅស្រុកកំណើតវិញ នោះគឺជាសិទ្ធិសេរីភាពរបស់កម្មករទាំងនោះ ក្នុងការសម្រេច នៅក្នុងក្របខណ្ឌច្បាប់នៃប្រទេសនោះ។»

ការលើកឡើងរបស់លោកស្រី ផែងថងថាន ធ្វើឡើង នៅក្រោយពេលដែល កម្ពុជា ប្រកាសអំពាវនាវម្ដងហើយម្ដងទៀត ឱ្យកម្មករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ វិលមកស្រុកវិញ ដើម្បីជៀសវាងរងនូវការបណ្ដេញចេញ និងការប្រមាថផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមនូវយន្ដការជាច្រើន ដើម្បីធានាថា ពលករដែលវិលត្រឡប់មកពីប្រទេសថៃ គឺអាចស្វែងរកការងារនៅក្នុងស្រុកបានសមរម្យ និងទទួលបានការគាំពារមួយចំនួនពីរដ្ឋផងដែរ។