ផ្លូវកំពង់ភ្លុក ១៥គីឡូម៉ែត្រ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចុះពិនិត្យផ្លូវតភ្ជាប់ផ្លូវជាតិ៦ ដល់បឹងទន្លេសាប

ផ្លូវកំពង់ភ្លុក ១៥គីឡូម៉ែត្រ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចុះពិនិត្យផ្លូវតភ្ជាប់ផ្លូវជាតិ៦ ដល់បឹងទន្លេសាប

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ផ្លូវមួយខ្សែប្រវែង ១៥ គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក បឹងទន្លេសាប។

តាមការអនុវត្តតាមគោលការណ៍ណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមការងារបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ផ្លូវមួយខ្សែមានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនផលនេសាទ ក៏ដូចការដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតំបន់សក្ដានុពលទេសចរណ៍ ដ៏ទាក់ទាញនៅជាប់មាត់បឹងទន្លេសាប។

គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះត្រូវបានសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែន ខេត្តសៀមរាប ដោយសម្រេចបានប្រមាណ ៧៥ភាគរយ គិតត្រឹមខែមិថុនា ហើយគ្រោងបញ្ចប់ការសាងសង់នៅខែកក្កដាឆ្នាំ ២០២៥ ខាងមុខនេះ ដោយប្រែក្លាយពីផ្លូវដី តូចចង្អៀតទៅជាបេតុង និងផ្លូវកៅស៊ូ៕

ប្រភព៖ ក្រសួងទេសចរណ៍

administrator

Related Articles