វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសវៀតណាមដោយសារតែឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ព្យុះទីហ្វុង Wutip ដែលកំពុងវាយប្រហារនៅក្នុងប្រទេសវៀតណាមនៅពេលនេះ គឺជាព្យុះដែលបានបោកបក់មកពីតំបន់ភាគខាងត្បូងប្រទេសចិន និងបោកបក់ក្នុងល្បឿន ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង។
បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់អស់ចំនួន ៧នាក់ហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip ក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១០០ខ្នង និងបំផ្លាញផលដំណាំរបស់ប្រជាកសិករអស់ប្រមាណជា ៦០,០០០ ហិកតាផងដែរ។ ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip នៅមិនទាន់ថយចុះនៅឡើយទេ ហើយគ្រោះថ្នាក់ផ្សេងៗក៏បានអាចបន្តកើតមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia