ថៃ៖ ស្រី្តជនជាតិថៃ អាយុ ៦៥ឆ្នាំម្នាក់បានចាញ់បោកស្នេហាតាមអ៊ីនធឺណិតអស់ប្រាក់ជិត ៣៧ម៉ឺនដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ស្រ្តីជាជនរងគ្រោះរូបនេះមិនបានបង្ហាញមុខមាត់និងអត្តសញ្ញាណពិតប្រាកដនៅលើបណ្តាញសារព័ត៌មានឡើយដើម្បីរក្សាកិត្តិយស ខណៈអ្នកកាសែតបានដាក់ឈ្មោះក្រៅឱ្យគាត់ថា Aor ហើយបុគ្គលដែលជាបោកប្រាស់នោះត្រូវបានគេហៅត្រឹមថា Porn និងជាមនុស្សដែលមានភេទស្រីដូចគ្នា។
នៅស្ថានីយប៉ូលិសបង្រ្កាបបទល្មើសបច្ចេកវិទ្យាក្នុងទីក្រុងបាងកក អ្នកស្រី Aor បានប្រាប់ប៉ូលិសជំនាញថា គាត់ជាគិលានុបដ្ឋាយិកាចូលនិវត្តន៍ម្នាក់ ហើយរូបគាត់បានផ្តើមស្គាល់គ្នាជាមួយអ្នកស្រី Porn តាមរយៈបណ្តាញសង្គម TikTok កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សភេទដូចគ្នានេះ អ្នកស្រី Porn ដែលជាជនបោកប្រាស់បានសន្យាថានឹងរួមរស់ជាមួយស្រ្តីរងគ្រោះអស់មួយជីវិត និងបានល្បួងឱ្យគាត់ដាក់ប្រាក់វិនិយោគលើការជួញដូរលុយគ្រីបតូ ដែលតាមការពិតទម្រង់នៃការវិនិយោគនោះគឺជាល្បិចបោកប្រាស់តែប៉ុណ្ណោះ មិនមែនជាវិនិយោគពិតប្រាកដឡើយ។
អ្នកស្រី Aor បានបន្តថា ពេលវិនិយោគដំបូងៗគឺរូបគាត់អាចទទួលបានប្រាក់ចំណេញមកវិញយ៉ាងច្រើននិងឆាប់រហ័ស ទើបក្នុងរយៈពេល ៣ខែចុងក្រោយនេះគាត់ក៏បានបន្ថែមការវិនិយោគច្រើនឡើងៗជាបន្តបន្ទាប់ ហើយទឹកប្រាក់ដែលគាត់បានដាក់វិនិយោគសរុបគឺមានចំនួនប្រមាណជា ១២លានបាត (៣៦៩ ៦៨៥ ដុល្លារអាមេរិក)។ ក្រោយផុងខ្លួនដាក់ប្រាក់វិនិយោគអស់យ៉ាងច្រើនហើយ ស្រាប់តែអ្នកស្រី Aor មិនអាចទាក់ទាងអ្នកស្រី Porn បានទៀតនោះទេ ហើយគាត់ក៏មិនអាចដកលុយវិនិយោគនោះបានមកវិញដែរ។ ជុំវិញករណីពាក្យបណ្តឹងនេះ ខាងអាជ្ញាធរថៃបានបញ្ជាក់ថានឹងព្យាយាមស្វែងរកជនឆបោកឱ្យអស់ពីសមត្ថភាព ប៉ុន្តែលទ្ធភាពដែលអាចទទួលបានលុយមកវិញគឺមានតិចតួចបំផុត៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍