សំបូរព្រៃគុក៖ ក្រុមអ្នកជំនាញ ICC-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យវឌ្ឍនភាពអភិរក្ស និងការងារអភិវឌ្ឍន៍ មុនកិច្ចប្រជុំផ្លូវការ

សំបូរព្រៃគុក៖ ក្រុមអ្នកជំនាញ ICC-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យវឌ្ឍនភាពអភិរក្ស និងការងារអភិវឌ្ឍន៍ មុនកិច្ចប្រជុំផ្លូវការ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យវឌ្ឍនភាពការងារមុនកិច្ចប្រជុំផ្លូវការ។

ក្រុមអ្នកជំនាញការ អាដ ហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកបានចុះត្រួតពិនិត្យ តាមការដ្ឋានជួសជុលប្រាសាទនិងអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា សកម្មភាពចុះពិនិត្យវឌ្ឍនភាពការងារនៃការអភិវឌ្ឍន៍និងអភិរក្ស នៅសំបូរព្រៃគុក គឺធ្វើឡើងនៅមុនកិច្ចប្រជុំផ្លូវការដែលនឹងប្រារព្ធនៅពេលខាងមុខ។

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ីព្រមទាំង បានចុះពិនិត្យ តាមការដ្ឋានមួយចំនួនដូចជា ខ្លោងទ្វារខាងក្រៅខាងកើត (C12) ប្រាង្គ (C1) នៃក្រុមប្រាសាទតោ ប្រាង្គអដ្ឋកោណ (Y) ក្រុមប្រាសាទត្រពាំងរពាក់ និងប្រាសាទក្បាលជ្រូក ព្រមទាំងពិនិត្យពីវឌ្ឍនភាពផ្លូវវាងថ្មី ក្រុមប្រាសាទសំបូរ។

គួរបញ្ជាក់ផងដែរថា តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។

នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles