កម្ពុជាកោះអញ្ជើញមន្ត្រីទូតបរទេសប្រចាំនៅកម្ពុជាមកពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ និង បណ្តឹងទៅ ICJ

Heang




ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ បានកោះអញ្ជើញឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ និង ការបញ្ជូនប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។កិច្ចប្រជុំនេះ គឺដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បណ្តឹងផ្លូវការរបស់កម្ពុជា ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ នៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រីស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)រួចរាល់ហើយ កាលពីថ្ងៃទី ១៦ មិថុនា ២០២៥។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី។ សម្រាប់សម្តេច រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និង ការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។

ជំហររបស់កម្ពុជា គឺកម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ សម្ដេច ស្នើដល់បងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា៕