សិទ្ធិកម្មករការងារតាមផ្ទះ៖ ពង្រឹងគាំពារសង្គម និងការងារសមរម្យនៅកម្ពុជា

សិទ្ធិកម្មករការងារតាមផ្ទះ៖ ពង្រឹងគាំពារសង្គម និងការងារសមរម្យនៅកម្ពុជា

រាជធានីភ្នំពេញ ៖ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គការអុកស្វាម បានរួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ” នាថ្ងៃ ១៥ ខែមិថុនានេះ ដើម្បីបន្តផ្សព្វផ្សាយ និងរំលឹកពីការទទួលស្គាល់ជាសាកលថាកម្មករការងារតាមផ្ទះមានសិទ្ធិដូចគ្នានឹងកម្មករដទៃទៀតដែរ។


វេទិការនេះផ្តល់ឱកាសសម្រាប់កិច្ចសន្ទនារវាងស្ថាប័នពាក់ព័ន្ធ ជាមួយកម្មករការងារតាមផ្ទះផ្ទាល់ ដើម្បីចែករំលែកបញ្ហាប្រឈម ក៏ដូចជាចែករំលែកនូវព័ត៌មាន បទពិសោធន៍នានាទាក់ទិននឹងគោលនយោបាយ ការអនុវត្តក្នុងវិស័យកិច្ចគាំពារសង្គម និងលើកជាសំណើរដាក់ជូនតួអង្គនានាដែលពាក់ព័ន្ធនឹងផ្នែកគោលនយោបាយ ដើម្បីពួកគាត់រិះរកវិធានការ និងដំណោះស្រាយសមស្របនាពេលបន្តបន្ទាប់។

សម្រាប់ទិវាកម្មករការងារតាមផ្ទះអន្តរជាតិនាពេលនេះ មានអ្នកចូលរួមចំនួនប្រមាណ២៥០នាក់ ក្នុងនោះមានស្រ្តីកម្មករការងារតាមផ្ទះ អ្នកថែទាំដោយគ្មានប្រាក់ឈ្នួល តំណាងម្ចាស់ផ្ទះ មនុស្សវ័យចាស់ អ្នកដែលមានពិការភាព ស្រ្តីអ្នកលក់ដូរតាមផ្លូវ និងតំណាងក្រុមកម្មករដឹកជញ្ជូន ដែលមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំណាងមកពីអង្គការដៃគូ ដៃគូអភិវឌ្ឍន៍និងតំណាងពីរាជរដ្ឋាភិបាលកម្ពុជា។

នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ បានមានប្រសាសន៍ថា៖ “កម្មការការងារតាមផ្ទះជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិដែលភាគច្រើនត្រូវបានគេមើលរំលង។ យើងប្រារព្ធទិវាកម្មករការងារតាមផ្ទះអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សិទ្ធិក្នុងការទទួលបានការគាំពារសង្គមរបស់កម្មករការងារតាមផ្ទះទាំងអស់នៅក្នុងប្រទេសកម្ពុជា និងដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងបញ្រ្ជាប និងបង្កើនការទទួលស្គាល់ក្នុងស្រទាប់មហាជន ក៏ដូចជាអ្នករៀបចំគោលនយោបាយ នូវភាពចាំបាច់ក្នុងការដាក់បញ្ចូលកម្មករការងារតាមផ្ទះក្នុងរបបគាំពារសង្គមដូចជាកម្មករដទៃទៀតដែរ។ ការវិនិយោគលើសេវាគាំពារស្រ្តី និងកិច្ចគាំពារសង្គមសម្រាប់កម្មករការងារតាមផ្ទះមានន័យថាកម្ពុជាលើកកម្ពស់សមភាពនៃសិទ្ធិរបស់កម្មករការងារតាមផ្ទះដើម្បីពួកគេបានទទួលការគាំពារ និងវិនិយោគលើសក្តានុពលដើម្បីចូលរួមចំណែកជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជាឈានទៅមុខ ក៏ដូចជាសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងការប្រែខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។”

យោងតាមរបាយការណ៍អង្គការពលកម្មអន្តរជាតិ (ILO) វិស័យការងារតាមផ្ទះ គឺជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលគ្របដណ្តប់ចំនួនកម្មករជាបុរស និងស្រី្តចំនួនប្រមាណ ៧៥.៦ លាននាក់ នៅលើពិភពលោកដែលមានអាយុចាប់ពី ១៥ ឆ្នាំ ត្រូវបានជួលជាកម្មករការងារតាមផ្ទះ ក្នុងនោះមានកម្មករជាស្ត្រីចំនួន ៧៦.២% ក្នុងឆ្នាំ ២០១៩ កម្មករការងារតាមផ្ទះទាំងនេះរួមបញ្ចូលទាំងកម្មករដែលបានជួលដោយម្ចាស់ផ្ទះផ្ទាល់ និងបានជួលតាមរយៈអ្នកផ្តល់សេវា។
នៅប្រទេសកម្ពុជា កម្មករការងារតាមផ្ទះធ្វើកិច្ចការជាច្រើនដូចជា ការចម្អិនអាហារ បោសសំអាត បោកអ៊ុត ថែទាំកុមារ ថែទាំមនុស្សចាស់ ថែទាំសមាជិកគ្រួសារ ថែទាំសួន ថែទាំទ្រព្យសម្បត្តិ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្តសម្រាប់គ្រួសារជាដើម។ ការយល់ដឹងស្តីពីបរិបទ និងបច្ចុប្បន្នភាពស្ថានភាពកម្មករការងារតាមផ្ទះនៅកម្ពុជានៅមានកម្រិត ដោយសារពុំទាន់មានការស្រាវជ្រាវទូលំទូលាយនៅឡើយ។
យោងលើស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិក្នុងឆ្នាំ២០១៩ ស្តីពីស្ថានភាពរស់នៅ និងលក្ខខ័ណ្ឌការងារកម្មករការងារផ្ទះនៅកម្ពុជា បានរកឃើញថា កម្មករការងារផ្ទះនៅតែជាកម្មករដែលស្ថិតក្នុងភាពងាយរងគ្រោះជាងគេ ក្នុងចំណោមកម្មករដទៃទៀត ។ ពួកគេប្រឈមនឹងការកំណត់សេរីភាពនៃការធ្វើសកម្មកភាពនានា ប្រាក់ឈ្នួលទាប គ្មានកិច្ចសន្យាការងារច្បាស់លាស់ ធ្វើការលើសម៉ោង សម្រាកមិនគ្រប់គ្រាន់ ការងារច្រើនលើសលប់ ហើយងាយប្រឈមនឹងហានិភ័យផ្នែកហឹង្សាផ្លូវកាយ ផ្លូវភេទ និងការជួញដូរ។

ប្រទេសកម្ពុជានៅមិនទាន់បានផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ ១៨៩ ស្តីពីការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះនៅឡើយទេ។ ច្បាប់ស្តីពីការងារ ក៏មិនទាន់បានចែងជាក់លាក់អំពីកម្មករការងារតាមផ្ទះដែរ។ ប្រកាសលេខ ២៣៥ របស់ក្រសួងការងារបណ្តុះ បណ្តាលវិជ្ជាជីវៈចេញនៅខែឧសភា ឆ្នាំ២០១៨ បានអនុលោមជាមួយនឹងបទបញ្ញត្តិអនុសញ្ញាអង្គការអន្តរជាតិខាងការងារលេខ ១៨៩ ក៏ដូចជាអនុសាសន៍លេខ ២០១ ប៉ុន្តែមិនបានរាប់បញ្ចូលកម្មករការងារផ្ទះឆ្លងដែន មិនមានបញ្ជាក់ពីការកសាងសមត្ថភាព និងយន្តការច្បាស់លាស់ដើម្បីការពារកម្មករការងារតាមផ្ទះ ពិសេសកម្មករជាកុមារ។ ដូចគ្នានេះ ស្តង់ដាទម្រង់កិច្ចសន្យាការងារសម្រាប់កម្មករការងារតាមផ្ទះនៅមិនទាន់បង្កើតឡើងនៅឡើយ។

លោក វន់ ពៅ ប្រធានសមាគម IDEA មានប្រសាសន៍ថា “មកដល់ពេលនេះ កម្មករការងារតាមផ្ទះមិនទាន់ទទួលបានការចុះឈ្មោះពេញលេញ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីប្រព័ន្ធ និងរបបគាំពារសង្គម ដូចជាការថែទាំសុខភាព ហានិភ័យការងារ និងសោធននិវត្តន៍។ ជាមួយគ្នានេះ ការពង្រឹង និងកសាងសមត្ថភាពកម្មករការងារតាមផ្ទះនៅមានកម្រិតបំផុត ដោយហេតុថាកម្មករការងារតាមផ្ទះ គឺជាកម្មករដែលគេគិតថាមិនត្រូវការជំនាញ ដូចកម្មករដ៏ទៃ។ កម្មករការងារតាមផ្ទះមានតម្លៃស្មើគ្នានឹងកម្មករដទៃទៀតដែរ ហើយដូច្នេះមានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវអត្ថប្រយោជន៍ពីប្រព័ន្ធ និងសេវាគាំពារសង្គម សេរីភាពសមាគម ដែលធានាថាពួកគេក៏អាចទទួលបាននូវប្រយោជន៍ដូចគ្នានឹងកម្មករដ៏ទៃទៀតដែរនៅក្នុងប្រទេសកម្ពុជា ដោយមិនទុកពួកគេចោលឡើយ។”

លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ សម្ដែងនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះវីរភាពដ៏អស្ចារ្យរបស់បងប្អូនស្ត្រីជាអ្នកធ្វើការងារថែទាំតាមផ្ទះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសុខុមាលភាពសង្គម និងបានសម្រួលបន្ទុកការងារថែទាំរបស់គ្រួសារនីមួយៗ។ លោកជំទាវ បានបង្ហាញពីការប្ដេជ្ញាចិត្ត របស់ក្រសួងកិច្ចការនារី ក្នុងការបន្តពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី តាមរយៈការដាក់ចេញនូវវិធានការគន្លឹះជាអាទិភាព ក្នុងការលើកកម្ពស់សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព កម្មវិធីតុល្យភាពជីវិត គ្រួសារ និងការងារ និងបរិយាកាសមេត្រីភាពនៅកន្លែងការងារសម្រាប់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងការទប់ស្កាត់អំពើហិង្សាគ្រប់រូបភាពលើស្ត្រីនិងក្មេងស្រី។

ទិវាកម្មករការងារតាមផ្ទះតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការអនុម័តអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ ស្ដីពីការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ ដែលបានទទួលស្គាល់ជាផ្លូវការថា “ការងារផ្ទះជាការងារពិតប្រាកដ”។

អង្គការអុកស្វាម និងដៃគូ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិស្តីពីសិទ្ធិកម្មករការងារតាមផ្ទះ ព្រមទាំងដាក់ចេញវិធានការសមស្របចាំបាច់នានាដើម្បីគាំទ្រដល់ការអនុវត្តខ្លឹមសារនៃអនុសញ្ញានេះនៅក្នុងប្រទេស ដើម្បីធានាថារាជរដ្ឋាភិបាលកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាពរបស់ខ្លួន ក៏ដូចជាឈានទៅសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles