សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ Paris Saint-Germain និង Bayern Munich បានបង្ហាញសាច់ដុំខ្លាំងដូចគ្នា នៅក្នុងការប្រកួតបើកឆាកវគ្គចែកពូលរៀងខ្លួននៃព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០២៥ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។
ក្រុមសេដ្ឋីបារាំង PSG ម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥ បានបើកឆាកពូល B ដោយយកបាន៣ពិន្ទុយ៉ាងសំខាន់ ក្រោយបំបាក់មុខក្រុមជើងខ្លាំងអេស្ប៉ាញ Atlético Madrid ដែលសល់គ្នាត្រឹម១០នាក់ក្រោយទទួលបានកាតក្រហម នៅក្នុងលទ្ធផល ៤-០ នៅឯកីឡដ្ឋាន Rose Bowl ទីក្រុងប៉ាសាឌីណា (Pasadena) រដ្ឋកាលីហ្វ័រញ៉ា (California) កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ។
ស្របពេលនៅក្នុងថ្ងៃជាមួយគ្នា យក្សអាល្លឺម៉ង់ Bayern Munich ក៏បានបើកឆាកពូល C យកបាន៣ពិន្ទុ ក្រោយលត់ក្រុមមកពីនូវែលសេឡង់ Auckland City ដោយលទ្ធផល ១០-០ នៅឯកីឡដ្ឋាន TQL ទីក្រុងស៊ីនស៊ីណាទី (Cincinnati) រដ្ឋអូហៃយ៉ូ (Ohio)។ ការប្រកួតបន្ទាប់ PSG ត្រូវប៉ះក្រុមជើងខ្លាំងប្រេស៊ីល Botafogo នៅថ្ងៃទី២០ ខែមិថុនា នាវេលាម៉ោង៨នាទីព្រឹក (ម៉ោងនៅកម្ពុជា)។ ចំណែក Bayern Munich ត្រូវតទល់ជាមួយក្រុមជើងខ្លាំងអាហ្សង់ទីន Boca Juniors នៅថ្ងៃទី២១ ខែមិថុនា វេលាម៉ោង៨នាទីព្រឹក។
ដោយឡែកនៅក្នុងពូល A ឯណោះវិញ ក្រុមម្ចាស់ផ្ទះ Inter Miami ដែលមានខ្សែប្រយុទ្ធ Lionel Messi នៅទីនោះ បានត្រឹមដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីជាមួយក្រុមអេហ្ស៊ីប Al Ahly ស្របពេលដែលក្រុមខ្លាំងព័រទុយហ្គាល់ Porto ដែលនៅក្នុងពូលជាមួយគ្នា ក៏បានត្រឹមស្មើដោយគ្មានស៊ុតបញ្ចូលទីគ្នាជាមួយក្រុមមកពីប្រេស៊ីល Palmeiras ផងដែរ៕

