រថយន្តដឹកឈើខុសច្បាប់: ឡានទួរីសបែកកង់ក្រឡាប់ធ្លាក់ផ្លូវ​នៅកំពង់ឆ្នាំង របួស៤នាក់ ធ្លាយឈើព្រោងព្រាត

រថយន្តដឹកឈើខុសច្បាប់: ឡានទួរីសបែកកង់ក្រឡាប់ធ្លាក់ផ្លូវ​នៅកំពង់ឆ្នាំង របួស៤នាក់ ធ្លាយឈើព្រោងព្រាត

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ទួ​រី​ស​១​គ្រឿង ដឹកឈើ​ជ្រុង​អត់​ច្បាប់ សង្ស័យ​ព្រះ​មិន​ជួយ​បាន​បែក​កង់​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​ធ្វើ​ឱ្យ​មនុស្ស​ជិះ​៤​នាក់​ក្នុង​រថយន្ត​រង​របួស ។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨១-៨២ ផ្លូវជាតិ​លេខ​៥ ចំណុច​រង្វង់​មូល​ក្អម​ស្ថិត​នៅ​ក្នុង​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ។


សមត្ថកិច្ច​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា រថយន្ត​ទួ​រី​ស​ខាងលើ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2T-1164 ពណ៌​ស ដឹកឈើ​ជ្រុង និង​ឈើ​សន្លឹក​អត់​ច្បាប់ ធ្វើ​ដំណើរ​ពី​ខេត្តពោធិ៍សាត់​ឆ្ពោះទៅ​ខេត្តកំពត ។ លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​បែក​កង់​ក្រឡាប់​ធ្លាក់​ផ្លូវជាតិ ធ្លាយ​ឈើ​ជ្រុង​និង​ឈើ​សន្លឹក​ចេញ​មក​ក្រៅ និង​បណ្ដាល​ឲ្យ​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត ៤​នាក់ សង្ស័យ​ម្ចាស់​ឈើ​រង​របួស​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​បាន​រាយការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត និង​បាន​ប្រគល់​រថយន្ត​និង​ឈើជូន​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ចំណាត់ការ​បន្ត​តាម​ច្បាប់ ។

លោក ពារ គឹ​ម​ហេង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ឈើ​ក្នុង​រថយន្ត​ទាំងអស់​មាន​ចំនួន ១៣១​សន្លឹក ស្មើនឹង ១,១៦​ម៉ែត្រគូប ជា​ប្រភេទ​ឈើ​ផ្ចឹក និង​ឈើ​ប្រភេទ​លេខ​២ មួយ​ចំនួន ។ ចំណាត់ការ​របស់​ជំនាញ​គឺ​ជូនដំណឹង​ឲ្យ​ម្ចាស់​ឈើ​ចូលខ្លួន​មក​ទទួល​ការ​ផាកពិន័យ តាម​ផ្លូវច្បាប់​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផល អនុ​ផល​ព្រៃឈើ​ដល់​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles