ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានទាំងកូនក្មេងអាយុក្រោម ៣ឆ្នាំម្នាក់ និងអ្នកបើកបរម្នាក់ផងដែរ។
បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌាបានឱ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះជាឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនឯកជនមួយឈ្មោះ Aryan Aviation មានទិសដៅហោះហើរចេញពីរដ្ឋ Uttarakhand ឆ្ពោះទៅកាន់ទីក្រុង Guptkashi ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានដឹកអ្នកក្រុមដំណើរអ្នកជាលក្ខណៈគ្រួសារ ដែលមានសមាជិកចំនួន ៦នាក់ទៅចូលរួមកម្មវិធីបុណ្យបែបសាសនាហិណ្ឌូមួយនៅក្នុងព្រះវិហារ Kedarnath ហើយឧទ្ធម្ភាគចក្របានធ្លាក់ពេលធ្វើដំណើរត្រលប់មកវិញ និងបានធ្លាក់បន្ទាប់ពីបានធ្វើការហោះហើរបានត្រឹមតែ ១០នាទីប៉ុណ្ណោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Sun