ព័ត៌មានសំខាន់៖ ក្រសួងរៀបចំដែនដី បដិសេធមិនដោះស្រាយសំណើសុំចុះបញ្ជី-វិវាទដីធ្លីជុំវិញដីរដ្ឋជួលក្រុមហ៊ុន យិៈចៀ

ព័ត៌មានសំខាន់៖ ក្រសួងរៀបចំដែនដី បដិសេធមិនដោះស្រាយសំណើសុំចុះបញ្ជី-វិវាទដីធ្លីជុំវិញដីរដ្ឋជួលក្រុមហ៊ុន យិៈចៀ

ភ្នំពេញ ៖ នៅថ្ងៃទី១៦ មិថុនា ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បដិសេធមិនទទួលដោះស្រាយរាល់សំណើសុំចុះបញ្ជីដី និងសំណើសុំដោះស្រាយវិវាទដីធ្លីពាក់ព័ន្ធទីតាំងដីរដ្ឋដែលបានជួលឱ្យក្រុមហ៊ុន យិៈចៀ ធួរីហ្សីម ឌីវេឡុបមេន ខមភេនី នោះទេ។


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( ដ. ន. ស.) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឧទ្យានជាតិព្រះសីហនុ “រាម” ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលបានចេញប្រកាសជាមោឃៈ ទៅលើដីធ្លីទាំងឡាយណាដែលបានលក់ ឬក៍កាន់កាប់ដោយឯកជន ដែលស្ថិតនៅក្នុងតំបន់ឧទ្យានព្រះសីហនុ “រាម” តាមរយៈលិខិតលេខ ៥៣ សជណ.គម ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ ១៩៩៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានចុះកិច្ចសន្យាជួលដី សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ លើផ្ទៃដីទំហំ ៣ ៣០០ហិកតា ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយ ចីរភាពនៃឧទ្យានជាតិព្រះសីហនុ “រាម” ជាមួយក្រុមហ៊ុន យិចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី។ បន្ទាប់មកនៅ ឆ្នាំ២០២២ ឧទ្យានជាតិព្រះសីហនុ “រាម” ត្រូវបានរាជរដ្ឋាភិបាលកែប្រែទៅជា “ឧទ្យានជាតិសមុទ្រព្រះសីហនុរាម” លើផ្ទៃដីទំហំ ៣៩ ៦៣៤ហិកតា តាមរយៈអនុក្រឹត្យលេខ ១០ អនក្រ. បក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
នៅក្នុងដំណើរការដោះស្រាយផលប៉ះពាល់ដីធ្លីជាបន្តបន្ទាប់ចាប់ពីអំឡុងឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៣ នៅក្នុងទីតាំងដីគម្រោងវិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន យិចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី រាជរដ្ឋាភិបាល បានសម្រេចកំណត់ផ្ទៃទំហំសរុប ៦៦១,១៨ហិកតា (រួមទាំងហេដ្ឋារចនាសម្ព័ន្ធទំហំ ១៧,៦៥ហិកតា) សម្រាប់បើក ច្រកនៃដំណើរការវាស់វែងដីធ្លី ហើយក្រោយមក បានវាស់វែងនិងចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋពាក់ព័ន្ធរួចរាល់។

ក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និង អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចបដិសេធមិនទទួលដោះស្រាយរាល់សំណើសុំចុះបញ្ជីដី និងសំណើសុំ ដោះស្រាយវិវាទដីធ្លីពាក់ព័ន្ធទីតាំងដីរដ្ឋដែលបានជួលឱ្យក្រុមហ៊ុន យិៈចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី នោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles