ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, ហិង្សាដោយចេតនា និងប្រើប្រាស់ស្លាកលេខក្លែង រហូតឈានដល់ការសង្គ្រោះជនរងគ្រោះជាជនជាតិចិនម្នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះ៣នាក់ ជាអ្នកសារព័ត៌មាន ។
ជនសង្ស័យទាំងនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុហើយ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។
ការបង្ក្រាបបទល្មើសចាប់បង្ខាំងដោយខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ បន្ទាប់ពីអាវុធហត្ថទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីចាប់ជនជាតិចិនម្នាក់ បញ្ចូលទៅក្នុងរថយន្ត ។ ភ្លាមៗលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហ៊ាង ដារ៉ា ប្រធានស្ដីទី ដោយមានការសហការពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ និងស្រុកកំពង់សីលា ព្រមទាំងការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ។
កម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះឈ្មោះ Ye Honjun ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ដែលទើបតែធ្វើដំណើរមកពីខេត្តគ័ងចូវ ប្រទេសចិន ។
ទន្ទឹមនឹងនោះ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៤នាក់ នៅពីរទីតាំងផ្សេងគ្នា គឺនៅចំណុចគីឡូម៉ែត្រលេខ ១៥៩-១៦០ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ និងនៅចំណុចច្រកចេញចូលផ្លូវល្បឿនលឿន ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ។
ជនសង្ស័យទាំង ០៤នាក់ រួមមាន ៖
១. ឈ្មោះ ឡាយ ធី ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ។
២. ឈ្មោះ ម៉ុត វិន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន “គំនិតខ្មែរ” រស់នៅខេត្តកណ្តាល។
៣. ឈ្មោះ ម៉ុត រ៉ាវី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរអ្នកសារព័ត៌មានគេហទំព័រ “ទូរទស្សន៍អំណាចទាំង៤” រស់នៅខេត្តកណ្តាល។
៤. ឈ្មោះ នូ ចាន់រ័ត្ន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរអ្នកសារព័ត៌មាន “សម្លេងមាស” រស់នៅខេត្តកោះកុង។
ជនសង្ស័យ រួមនឹងវត្ថុតាងមួយចំនួន ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ហិ.ង្សាដោយចេតនា និងប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយ ។
ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំទិញសំបុត្រយន្តហោះឲ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ដោយសុវត្ថិភាព ៕






