ហាមនាំចូលបន្លែ-ផ្លែឈើថៃ! ច្រកព្រំដែនបាត់ដំបង ចាប់ផ្តើមអនុវត្តបទបញ្ជារដ្ឋាភិបាល តាំងពីព្រឹកនេះ។

ហាមនាំចូលបន្លែ-ផ្លែឈើថៃ! ច្រកព្រំដែនបាត់ដំបង ចាប់ផ្តើមអនុវត្តបទបញ្ជារដ្ឋាភិបាល តាំងពីព្រឹកនេះ។

យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង និងជាអភិបាលរងខេត្ត លោក សឿម ប៊ុនរិទ្ធ បានប្រាប់វិទ្យុជាតិចំការចេកតាមបណ្តាញតេឡេក្រាមថា ទទួលបានការណែនាំពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ឱ្យបណ្តាច្រកទ្វារទាំងបួនដែលនៅដំណើរការចេញ ចូល ត្រូវអនុវត្តបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ដោយចាប់អនុវត្តពីម៉ោង9.00នាទីព្រឹកនេះ ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ។

ច្រកព្រំដែនទាំងបួនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងខាងលើនេះ មានច្រកទ្វារអន្តរជាតិភ្នំដី ច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់៤០០ បានបើកដំណើរការនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង៤រសៀល ចំណែកភាគីថៃបើកនៅម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀលដូចម្សឹលមិញដែរ។

លោក សឿម ប៊ុនរិទ្ធ បន្ថែមថាដោយឡែកច្រកអន្តរជាតិដូង ស្ថិតនៅស្រុកកំរៀង បានបិទជាស្ថាពរមិនឱ្យរថយន្តចេញចូល ដោយភាគីកម្ពុជាតាំងពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥ លើកលែងតែការចេញចូលដោយថ្មើរជើង របស់ប្រជាពលរដ្ឋទាំងសងខាង និងពលករខ្មែរ ហើយថ្ងៃទី១៧ខែមិថុនានេះច្រកអន្តរជាតិដូងបន្តបិទមិនឱ្យរថយន្តចេញចូលដដែល និងបន្តបើកច្រកថ្មើជើងឱ្យប្រជាពលរដ្ឋ និងពលករឆ្លងកាត់បាន។

គួរកត់សម្គាល់ថាការសម្រេចនេះកើតឡើងក្រោយពីភាគីថៃបានសម្រេចចិត្តបិទព្រំដែនដោយឯកតោភាគី។ តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានបិទការនាំចូលបន្លែ ផ្លែឈើ ចូលមកកម្ពុជា បើសិនជាភាគីថៃ មិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន ដើម្បីជាការឆ្លើយតបទៅវិធានការគន្លើនមិនគោរពច្បាប់របស់ថៃ ប៉ុន្តែ ដោយសារមានកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តីថៃ ទើបសម្រេចពន្យាពេល ២៤ម៉ោង ។

គួរកត់សម្គាល់ថាការចាប់អនុវត្តបទបញ្ជារាជរដ្ឋាភិបាលហាមមិនឱ្យបន្លែផ្លែឈើចូលប្រទេសកម្ពុជានេះតាមច្រកព្រំដែនខាងលើនេះ ក្រោយពីភាគីថៃបន្តបើកច្រកទ្វារព្រំដែននៅម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀលដោយឯកតោភាគីដដែល គឺមិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញនោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles