ឆ្លងចរន្តអគ្គិសនី៖ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ៤ខ្នងនៅខណ្ឌឬស្សីកែវ ភ្នំពេញ អស់ទាំងស្រុង!

ឆ្លងចរន្តអគ្គិសនី៖ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ៤ខ្នងនៅខណ្ឌឬស្សីកែវ ភ្នំពេញ អស់ទាំងស្រុង!

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅខណ្ឌឬស្សីកែវ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី។

ការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ចំពោះហេតុការណ៍អគ្គីភ័យមួយនេះ បន្ថែមថា ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

ចំពោះក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៩គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន ស្មើនឹង៣៦ម៉ែត្រគូប និងរថយន្តជំនួយមកពីសាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង ០៨ម៉ែត្រគូប។ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ឈើប្រក់ស័ង្កសី ទំហំ (៤ម៉ែត្រ x ៥ម៉ែត្រ) ឆេះផ្ទះឈើប្រក់ស័ង្កសីចំនួន ០៤ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង ហើយបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន ០២ខ្នងរោលជញ្ចាំង។ ក្នុងករណីអគ្គីភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ២និង០០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ គឺមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះឡើយ៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

administrator

Related Articles