បច្ចុប្បន្នភាពស្ពានចាក់អង្រែក្រោម-ព្រែកប្រា៖ សម្រេចបាន ៣៦% ហើយ គិតត្រឹមពាក់កណ្ដាលខែមិថុនា!

បច្ចុប្បន្នភាពស្ពានចាក់អង្រែក្រោម-ព្រែកប្រា៖ សម្រេចបាន ៣៦% ហើយ គិតត្រឹមពាក់កណ្ដាលខែមិថុនា!

(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ហៅ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ៣៦ រយភាគហើយ បើគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំនេះ។

តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យ តាមដានការអនុវត្តគម្រោង ដែលគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៥ នេះ សម្រេចបានប្រមាណ ៣៦ ភាគរយហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ ដោយកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖

១. ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦៦,៥០ ភាគរយ ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។

២. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ២៥,១២ ភាគរយ រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ រយៈពេលសាងសង់គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបាន ១៦ខែហើយ ស្មើនឹង ៣៨,១០ភាគរយ នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដែលត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨។

ក្រុមការងារវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភណ័្ឌភាព។ អង្គភាពគ្រប់គ្រងគម្រោងបានជំរុញឱ្យក្រុមហ៊ុនពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារបន្តទៀតដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

administrator

Related Articles