រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានីឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថាការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលប្រជាជនខ្មែរគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ។
ឯកឧត្តមបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”ការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលប្រជាជនខ្មែរគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរដោយស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជនយើង”។
សូមជម្រាបថា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ យុវជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដាក់រាប់ម៉ឺននាក់បានមកជួបជុំគ្នានៅទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ ដើរថ្មើរជើងរួមគ្នា (Solidarity March) ដើម្បីលើកទឹកចិត្តដល់កងកម្លាំងតាមព្រំដែន ដែលដំណើរក្បួនថ្មើរជើងនេះ ចាប់ផ្ដើមពីកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ។
សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែក ការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន និងដើម្បីបង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកជម្លោះព្រំដែននៅតំបន់រស៊ើបទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាពកាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។
បើតាមការឲ្យដឹងកម្មវិធីជួបជុំនេះមានការចូលរួមពីប្រជាពលរដ្ឋ យុវជន យុវតី ព្រះសង្ឃនិង ថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណជាង១០ម៉ឺន៕
















