កណ្តាល ៖ នៅថ្ងៃអង្គារថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង៤០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័) នៅចំណុចមុខសាលាបឋមសិក្សា ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យពីរប្តីប្រពន្ធ មានឈ្មោះ ប៉ាល់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរបើកបររថយន្តដឹកដី(ឃាត់ខ្លួន) ឈ្មោះ អឿន ចាន់មិនា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
លោកអធិការក្រុងតាខ្មៅបានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៤០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីសាលារៀន ដើម្បីត្រឡប់ទៅផ្ទះវិញដោយបានទុកទូរសព្ទ័ក្នុងឃ្លុបម៉ូតូ លុះជិះដល់មុខសាលាបឋមសិក្សាព្រែកសំរោង ក៏ស្រាប់តែមានជនសង្ស័យពីរនាក់ប្តីប្រពន្ធជិះម៉ូតូមួយគ្រឿងម៉ាកHonda C125ពណ៌ខៀវ ស្លាកលេខភ្នំពេញ1kz5481ដោយប្តីជាអ្នកឌុប ហើយប្រពន្ធអង្គុយខាងក្រោយ ពេលនោះជនសង្ស័យជាប្តីបានឆក់ទូរសព្ទ័របស់ជនរងគ្រោះហើយបើករត់គេចខ្លួន ចំនែកជនរងគ្រោះបានបើកម៉ូតូដេញតាមរហូតដល់រង្វង់មូលវត្តព្រែកសំរោងក៏បានបុកជាមួយម៉ូតូជនសង្ស័យបណ្តាលឲ្យដួល ហើយជនរងគ្រោះបានស្ទុះទៅចាប់ក្របួចកអាវជនសង្ស័យជាបុរស ហើយជនសង្ស័យជាបុរសបានវាយជនរងគ្រោះជាច្រើនដៃ ពេលនោះក៏មានកម្លាំងនគរបាលក្រុងតាខ្មៅដែលប្រចាំការនៅរង្វង់មូលវត្តព្រែកសំរោងនិងប្រជាពលរដ្ឋបានជួយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បញ្ជូនមកអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យទាំងពីរនាក់បានឆ្លើយថាពួកគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចទូរសព្ទ័ក្នុងឃ្លាំងរបស់ជនរងគ្រោះ ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី



