ជំនន់ទឹកភ្លៀងខេត្តកំពង់ធំ៖ ឯកឧត្តម តូច ប៊ុនហ៊ួរ ចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវជាង ២ពាន់ហិកតា

ជំនន់ទឹកភ្លៀងខេត្តកំពង់ធំ៖ ឯកឧត្តម តូច ប៊ុនហ៊ួរ ចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវជាង ២ពាន់ហិកតា

តាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ ចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៥ ខេត្តកំពង់ធំ។ ក្រោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ បង្កការប៉ះពាល់ ដំណាំស្រូវជាង ២ពាន់ហិកតា និងខូចខាតជាង ៨០០ហិកតា។

ចំពោះជំនន់ទឹកភ្លៀងបានបង្កការប៉ះពាល់ដល់ដំណាំស្រូវនៃស្រុកចំនួន៥ របស់ខេត្តកំពង់ធំចំនួន ២ ២១០ ហិកតា ស្មើនឹង ២០៨២ គ្រួសារនិងខូចខាតដំណាំស្រូវចំនួន ៨១៣ ហិកតា ។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សុទ្ធ គឹមកុលមុនី អគ្គលេខា ធិការរងនៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួង លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥បានអញ្ជើញចុះពិនិត្យស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់លើដំណាំស្រូវ នៅស្រុកប្រាសាទសំបូរ កំពង់ស្វាយ សណ្តាន់ ស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការពិនិត្យនិងវាយតម្លៃនៅខេត្តកំពង់ធំផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវសរុប ២ ២១០ ហិកតា ស្មើនឹង ២ ០៨២ គ្រួសារ ក្នុងនោះមាន៖

១.ស្រុកប្រាសាទសំបូរ មាន៥ឃុំ ដែលប៉ះពាល់ ដំណាំស្រូវ សរុបចំនួន ៤៨៧ ហិកតា

២. ស្រុកកំពង់ស្វាយ មាន៧ឃុំ ដែលប៉ះ ពាល់ដំណាំស្រូវចំនួន ១ ១៦៦ ហិកតា

៣. ស្រុកសណ្តាន់ មាន ២ឃុំ ដែលប៉ះពាល់ដំណាំស្រូវចំនួន ២២៩ ហិកតា

៤. ស្រុកស្ទោង មាន៥ឃុំ ដែលប៉ះពាល់ដំណាំស្រូវចំនួន ១៤៦ ហិកតា និងទី៥.ស្រុក សន្ទុក មាន១ឃុំដែលប៉ះពាល់ដំណាំស្រូវចំនួន ១៨២ ហិកតា។

បើតាមឯកឧត្តមរដ្ឋលេខាធិការ គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ កាលពីល្សិលមិញនេះមាន ខេត្តចំនួន៥ ដែលកំពុងទទួលរងផលប៉ះពាល់គ្រោះជំនន់ទឹកភ្លៀង រួមមាន៖ ខេត្តតាកែវ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយ មានជ័យ ដោយមានផ្ទៃដីខូចខាតលើដំណាំស្រូវសរុបចំនួន ៩២៧ ហិកតា ក្នុងខេត្តកំពង់ធំនេះចំនួន ៨១៣ ហិកតា និងខេត្តបន្ទាយ មានជ័យចំនួន ១១៤ ហិកតា។

ជារួម ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដើមរដូវវស្សានេះ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ហើយស្រែភាគច្រើនធ្វើក្នុងអាងស្តុកទឹក និងបឹងធម្មជាតិ ដោយបានដាំដុះតាំងពីចុងខែមីនា និងខែមេសា។ រដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ជាពិសេសភ្លៀងបានចាប់តាំងពីខែមេសា ទឹកបឹងកើនឡើងលឿន បណ្តាលឲ្យលិចលង់ស្រូវដំណាក់កាលដាក់គ្រាប់ និងមួយចំនួនបានទុំ ត្រៀមនឹងប្រមូលផល ប៉ុន្តែការលិចលង់មានរយៈពេលយូរថ្ងៃពេក បណ្តាលឲ្យមានការខូចខាតច្រើន។ ក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ មានតែខេត្តកំពង់ធំ បានរងផលប៉ះពាល់និងខូចខាតច្រើនជាងគេរហូតដល់ចំនួន ៩៥២ហិកតា។
ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គភាពពាក់ព័ន្ធត្រូវត្រៀមបង្កាគ្រោះមហន្តរាយដើម្បីឆ្លើយតបរហ័សទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

administrator

Related Articles