យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាម ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ” ។
ស្ពានលេខ២៨ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក។ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោមម្លប់ នៃសុខសន្តិភាព។
គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ប្រភព៖ ក្រសួងព័ត៌មាន