អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាពន្យាពេលបិទកម្មវិធី TikTok រយៈពេល ៩០ថ្ងៃបន្ថែមទៀត នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមិថុនា។ ការពន្យាពេលនេះគឺជាការពន្យាពេលលើកទី៣ ហើយ ខណៈក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok នៅមិនទាន់បង្ហាញប្រតិកម្មយ៉ាងនៅឡើយទេ ចំពោះចំណាត់ការនេះ។

យោងតាមសេចក្តីសម្រេចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខាងលើនេះគឺបណ្តាញសង្គម TikTok នឹងបន្តមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិករហូតដល់ថ្ងៃទី១៧ ខែសីហា ហើយក្នុងរយៈពេល ៣ខែនេះ គឺក្រុមហ៊ុន ByteDance ត្រូវពិចារណលក់ភាគហ៊ុនរបស់ខ្លួនឱ្យទៅក្រុមហ៊ុនណាមួយ ដែលមិនមែនជាក្រុមហ៊ុនចិន ឬត្រូវបង្ខំចិត្តបិទកម្មវិធីរបស់ខ្លួនទៅលើទឹកដីអាមេរិកជាផ្លូវការ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងរដ្ឋាភិបាលអាមេរិកជាមួយនឹងបណ្តាញសង្គម TikTok បានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយអាមេរិកបានចោទប្រកាន់ថា TikTok ជាបណ្តាញចារកម្មរបស់រដ្ឋាភិបាលចិន ដូចនេះបើ TikTok ចង់បន្តដំណើរការនៅលើទឹកដីអាមេរិក គឺត្រូវតែលក់ភាគហ៊ុនមួយចំនួនឱ្យទៅក្រុមហ៊ុនអាមេរិកជាអ្នកគ្រប់គ្រង ខណៈគិតត្រឹមពេលនេះនៅទូទាំងអាមេរិកគឺមានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ប្រមាណជា ១៧០លាននាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time