(ខេត្តពោធិ៍សាត់)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលល្ងាចពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរខេត្តពោធិ៍សាត់ ចាប់ផ្តើមដាំកូនឈើលម្អជាង ៣០០ដើម នៅតាមដងផ្លូវរមណីយដ្ឋានភ្នំទំព័រ ដើម្បីលើកកម្ពស់វិស័យបរិស្ថានបៃតង និងទេសចរណ៍។
ចំពោះកូនឈើក្ងោកចំនួន ៣០០ដើម ដែលស្ថានីយ៍ផ្សព្វផ្សាយរបស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់បានផ្តល់នោះ ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោក ហេង សុភាណា អភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធមួយចំនួន រដ្ឋបាលស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ បានចាប់ផ្តើម យកទៅដាំនៅតាមដងផ្លូវលំចូលទៅរមណីយដ្ឋានទឹកធ្លាក់ភ្នំទំព័រ ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ដល់វិស័យបរិស្ថានបៃតងនិងទេសចរណ៍នារសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងក្នុងឱកាសដឹកនាំកម្លាំងចូលរួម ដាំកូនឈើនោះថា កូនឈើចំនួន ៣០០ដើម ជាប្រភេទកូនក្ងោក គឺត្រូវដាំតាមអមសងខាងផ្លូវចូលទៅតំបន់រមណីដ្ឋានទឹកធ្លាក់ភ្នំទំព័រ ប្រវែង៣៥០០ម៉ែត្រ ដើម្បីប្រែក្លាយតំបន់នេះទៅជាបរិស្ថានបៃតង និងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្ត។ សម្រាប់ការចាប់ផ្តើមដំបូងក្នុងការដាំកូនឈើតាមអមសងខាងផ្លូវមានចំនួន ៣០០ដើម គឺកូនឈើក្ងោក ហើយការដាំនេះទៀតសោតត្រូវដាំឱ្យមានរបៀប រៀបរយតាមបន្ទាត់ ដាំឱ្យរស់ ដាំឱ្យមានសោភណភាព មិនដាំយកបរិមាណនិងគ្មានគុណភាពនោះឡើយ។ ឯកឧត្តម បានថ្លែងថា ក្នុងគោលបំណងសំខាន់នៃការដាំកូនឈើនាពេលនេះ ក៏ដូចកន្លងមក គឺដើម្បី ឱ្យក្លាយទៅជាបៃតង និង ឆ្លាតវៃ នាពេលអនាគត ក្រោមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយការដាំកូនឈើនេះ គឺពិតជាមានសារៈប្រយោជន៍សម្រាប់សង្គមជាតិយើង និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស សត្វលើភពផែនដីនេះ។
ឯកឧត្តម ខូយ រីដា បានបង្ហាញដោយប្តេជ្ញាថា ការដាំដើមឈើតាមដងផ្លូវ សាលារៀន មន្ទីរពេទ្យ ទីសាធារណៈនិង វត្តអារាម គឺជាផ្នែកមួយក្នុងការបណ្ដុះគំនិតដល់យុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចេះស្រឡាញ់ព្រៃឈើ រួមគ្នាថែរក្សាព្រៃឈើ ដើម្បីជួយកាត់បន្ថយការឡើងកម្ដៅក្នុងសហគមន៍ ក៏ដូចជាការជួយលើកកម្ពស់សោភណភាព ក្នុងភូមិទាំងមូលឱ្យមានភាពបៃតងស្រស់ គ្រប់រដូវកាលថែមទៀតផង។
ឯកឧត្តម បានរម្លឹកឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តបានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងៗទៀតនៅទូទាំងខេត្ត ដោយបានបង្កើតជាចម្ការ នៅតាមទីសួនសាធារណៈ សាលារៀន វត្ដអារាម រមណីយដ្ឋាន ជាពិសេសអមសងខាងផ្លូវនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ផ្លូវជាតិលេខ៥៥ត្រង់ចំណុចភ្នំ១៥០០ ឬហៅថាផ្លូវអន្ទង់អាំង ផ្លូវបុផ្ផាលាក់ខ្លួន ដែលកំពុងមានការលូតលាស់បានល្អមកហើយ តែយើងនៅតែមានមហិច្ឆិតាធំ ដើម្បីបន្តធ្វើការដាំដើមឈើបន្ថែមទៀត និងដាំឱ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើទៅបាន។
ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវក្ដីសង្ឃឹមថា បន្ទាប់ពីដាំកូនឈើទាំងនេះរួចរាល់ នឹងមានការចូលរួមថែរក្សាពីម្ចាស់លំនៅឋានផ្ទាល់ និងអាជ្ញាធរមូលដ្ឋានផងដែរនោះពិតជាមានសម្រស់លូតលាស់កាន់តែស្រស់ស្អាតប្រកបដោយភាពស្រស់បំព្រងនៅតាមដងផ្លូវ និងតំបន់ផ្សេងៗទៀត ដើម្បីទុកជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ៗគ្នា សម្រាប់អ្នកជំនាន់បច្ចុប្បន្ន និងអ្នកជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ថា ទឹកធ្លាក់ភ្នំទំព័រ ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ទើបតែរកឃើញហើយរដ្ឋបាលខេត្តចាប់ផ្តើមអភិវឌ្ឍន៍ជា បណ្ដើរៗដូចជាដាំដើមឈើលម្អ ស្ថាបនាផ្លូវ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរឡើងទៅដល់ទឹកធ្លាក់ពីលើកំពូលភ្នំទំព័រ ហើយសង្ឃឹម ថាមិនយូមិនឆាប់តំបន់នេះប្រែមុខប្រែមាត់និងទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តយ៉ាងច្រើនជាក់ជាមិនខាន៕
ប្រភព៖ ក្រសួងមហាផ្ទៃ